ខេត្តកំពង់ឆ្នាំង៖ ព្រៃលិចទឹករាប់រយហិកតានៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ត្រូវបានភ្លើងព្រៃឆេះជាបន្តបន្ទាប់រហូតមកដល់ពេលនេះមិនទាន់រលត់ទេ ដែលមានរយះពេល១០ថ្ងៃមកហើយ ប៉ុន្តែលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថាភ្លើងឆេះព្រៃលិចទឹកអស់តែ៥២ហិកតាប៉ុណ្ណោះ។ ដោយឡែកនៅរសៀលថ្ងៃទី១៨ ខែមេសា នេះ សមត្ថកិច្ចនគរបាលស្រុក ខេត្ត ប្រជាការពារ និងរថយន្តពន្លត់អគ្គីភ័យ២គ្រឿង ត្រូវបានអាជ្ញាធរដាក់ប្រចាំការ ដើម្បីជួយទប់ស្កាត់កុំអោយភ្លើងឆេះព្រៃរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងឆេះផ្សារឃុំឆ្នុកទ្រូ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមឆេះនៅថ្ងៃទី០៧ ខែមេសា ពីភូមិសេះស្លាប់ មុនគេ ហើយបានឆេះរាលដាលមកដល់ភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃនេះមិនទាន់រលត់នៅឡើយទេគឺនៅឆេះរាយប៉ាយ ដោយដុំៗ ហើយកាលពីថ្ងៃទី១៧ ម្សិលមិញភ្លើងព្រៃបានរាលដាលមកជិតផ្សារឆ្នុកទ្រូ ធ្វើអោយអ្នកផ្សារភ្ញាក់ផ្អើលជញ្ពូនឥវ៉ាន់ចេញម្តងមកហើយ។ ដោយឡែកព្រៃលិចទឹកដែលឆេះនោះគឺជាព្រៃរនាមក្រាស់ មានតែផ្លូវដើរ គ្មានផ្លូវរទេះ ឬផ្លូវឡានចេញចូលអាចបាញ់ពន្លត់ភ្លើងព្រៃនោះបានឡើយ ហើយការឆេះព្រៃនេះអាចបណ្តាលមកពីភ្លើងគប់របស់អ្នកយកឃ្មុំ។
ចំណែកប្រភពព័ត៌មានដែលយើងទទួលបាន មានទូរលេខខុសគ្នាមិនដឹងថាទូរលេខណាមួយពិតប្រាកដនោះឡើយ គឺសមត្ថកិច្ចមូលដ្ឋានថា ភ្លើងឆេះព្រៃលិចទឹកនេះអស់ជាង៣០០ហិកតា ចំណែកប្រជាពលរដ្ឋវិញថាឆេះអស់ជាង៦០០ហិកតា ព្រោះគ្រាន់តែឆេះនៅភូមិសេះស្លាប់គឺអស់ជាង៣០០ហិកតាទៅហើយ ដោយឡែកនៅរសៀលថ្ងៃទី១៨ ខែមេសា នេះវិញ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបានជលផលកំពង់ឆ្នាំងបានអោយដឹងថា មន្ត្រីលោកបានចុះចុចជីភីអេះ ឃើញឆេះព្រៃអស់តែ៥២ហិកតាប៉ុណ្ណោះ។
ទាក់ទងនិងការរកឃើញគ្រោងឆ្អឹងមនុស្សក្រោយពីភ្លើងព្រៃឆេះរួចនៅចំណុចត្រពាំងអន្លក់ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ គ្រោងឆ្អឹងនេះជាឆ្អឹងសពអ្នកស្រុកទន្លេក្រីក្រដែ
លជាទន្លាប់នៅក្នុងខែទឹកឡើងពេលមានអ្នកនៅក្នុងគ្រួសារស្លាប់គ្មានដីបញ្ចុះសព គេតែងនាំគ្នាយកកន្ទេលរុំសព យកទៅបន្ទើរព្រៃឈើ នៅពេលទឹកស្រកទើបគេមករើសយកឆ្អឹងនោះទៅបញ្ចុះវិញ តែពេលខ្លះគេរកមិនឃើញ ក៏បោះបង់សពនោះចោលតែម្តង។ ចំណែកសពដែលគេប្រទះឃើញនេះវិញ គឺមានគ្រោងឆ្អឹងនៅរប៉ាត់រប៉ាយពីគ្នាប្រមាណ៥ម៉ែត្រ និងត្រូវបានសមត្ថកិច្ចប្រមូលអោយជុំគ្នាដើម្បីបញ្ជុះទុកអោយបានត្រឹមត្រូវតែប៉ុណ្ណោះ។
សមត្ថកិច្ចបានបញ្ជាក់អោយទៀតដឹងថា៖ ដោយមានណែនាំនិងបញ្ជារដោយផ្ទាល់ពីឯក
ឧត្តមអភិបាលខេត្ត និងលោកស្នងការខេត្ត សមត្ថកិច្ចចំរុះ មាននគរបាល អាវុធហត្ថ យោធា និងប្រជាការពារ បានប្រមូលផ្តុំគ្នា ជាមួយនិងរថយន្តពន្លត់អគ្គីភ័យ២គ្រឿង របស់ស្នងការនគរបាលខេត្ត បានដាក់ប្រចាំការ៣ថ្ងៃមកហើយ ដើម្បីទប់ស្កាត់ភ្លើងព្រៃកុំអោយរាលឆេះមកដល់ផ្សារជាង៣០០តូប និងផ្ទះប្រជាពលរដ្ឋនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ៕