សៀមរាប៖ ក្រុមការងារដែលដឹកនាំដោយលោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី១៨ មេសា ឆ្នាំ២០១៦នេះ បាននាំយកទឹកស្អាតចំនួន ១៥ឡាន ទៅចែកពលរដ្ឋ ដែលកំពុងរងគ្រោះរាំងស្ងួតទឹក។ ដែលស្ថិតនៅសង្កាត់ទឹកវិល ជាប់នឹងទឹកបារាយណ៍ទឹកថ្លា ដែលគ្មានទឹកប្រើប្រាស់ច្រើនជាងគេ ក្នុងភូមិសាស្ត្រនោះ។ ពលរដ្ឋនៅតំបន់នោះ គឺខ្វះទឹកប្រើប្រាស់តាំងពីខែមីនាកន្លងមក ដោយអណ្តូងទឹក រីងហួតខះ ស្ទើរគ្រប់ៗផ្ទះ ប្រជាពលរដ្ឋ ដែលទទួលបានទឹកស្អាត មានចំនួន ២២៩គ្រួសារ។
លោក គឹម ឆៃហៀង បានឲ្យដឹងថា ខាងខេត្តនឹងបន្តចែកទឹកជូនប្រជាពលរដ្ឋដែលកំពុងខ្វះទឹកប្រើប្រាស់ រយៈពេល៣ថ្ងៃម្តង ឬអាចមួយសប្តាហ៍ម្តង។ លោកបានបញ្ជាក់ថា ដោយសារឡានរបស់ខេត្តមានច្រើន ក្នុងនោះមានខាងនគរបាល មន្ទីរបរិស្ថាន កងរាជអាវុធហត្ថខេត្ត និងខាងសាធារណៈការខេត្ត ដែលសុទ្ធសឹងជួយអន្តរាគមន៍ ដឹកទឹកចែកជូនពលរដ្ឋដល់ផ្ទះបាន៕