ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌជ្រោយចង្វារសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបដើម្បីល្បាតពួនស្ទាក់ការពារសន្តិសុខសុវត្ថភាពជូនពលរដ្ឋក្នុងមូលដ្ឋានបានឈានទៅដល់ការឃាត់ខ្លួនជនត្រូវជាប់សង្ស័យចំនួន២នាក់បន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំស្មើនិង៣០កញ្ចប់តូចជាប្រភេទម៉ាទឹកកកដែលជនសង្ស័យទាំងនោះបានរក្សាទុកធ្វើសកម្មភាពជួញដូររួមទាំងដកហូតមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យមានម៉ូតូ១គ្រឿងថែមទៀតផង ។ក្នុងប្រតិបត្តិការខាងលើត្រូវបានធ្វើឡើងនៅវេលាម៉ោង២២យប់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៦ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។លោកឯក សេរីវុធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ទី១ឈ្មោះរ៉ូ ស៉ីនេត ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរនៅផ្ទះ ទី២ឈ្មោះឆន សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរនៅផ្ទះ ជនត្រូវសង្ស័យទាំង២នាក់មានស្រុកកំណើតនិងស្នាក់នៅ ភូមិកោះរកាក្រៅ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។អធិការរងខណ្ឌជ្រោយចង្វារលោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារទទួលបានផែនការដឹកនាំពីលោកសៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារបានរួមសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបដើម្បីយាមកាមល្បាតក្នុងមូលដ្ឋានក៍បានប្រទះឃើញជនសង្ស័យទាំង២នាក់ជិះបើកម៉ូតូ១គ្រឿងដោយមានការសង្ស័យក៍ដេញតាមឃាត់និងឆែកឆេរបានរកឃើញគ្រឿង១កញ្ចប់ធំដែលអាចច្រកជាកញ្ចប់តូចៗបានចំនួន៣០កញ្ចប់ដែលជនត្រូវសង្ស័យបានរក្សាទុកធ្វើសកម្មភាពជួញដូរក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតមធ្យោបាយធ្វើដំណើររបស់ជនត្រូវជាប់សង្ស័យមានម៉ូតូ១គ្រឿងម៉ាកសង់ឌ្រីមC១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៥ពាក់ស្លាកលេខកំពង់ចាម១G៦២១០ ។លោកឯក សេរីវុធ បានបន្តថា បច្ចុប្បន្នជនត្រូវជាប់សង្ស័យពាក់ព័ន្ធជួញដូរនូវសារធាតុញៀនទាំង២នាក់រួមនិងវត្ថុតាងបាននិងកំពុងឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីបន្តនិតិវិធីបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ហាស់ កំសាន្ដ