​ខ្យល់​កន្ត្រាក់​ថ្ងៃ​តែមួយ​បង្ក​អោយ​ខូចខាត​ ​ផ្ទះ​១២​ខ្នង​និង​សមត្ថកិច្ច​០៨​នាក់​រងរបួស​

0

ខេត្តព្រះវិហារគ្រោះធម្មជាតិខ្យល់កន្ត្រាក់រឺខ្យល់ព្យុះលាយភ្លៀងកក់ខែបានបោកបក់ខ្លាំងបណ្តាលអោយខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ១២ខ្នងស្មើ១២គ្រួសារនិងសម្ភារះប្រើប្រាស់មួយចំនួននៅភូមិម៉ឺនរាជឃុំខ្យងនិងភូមិស្អាងឃុំស្អាងស្រុកជ័យសែនកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៨មេសា២០១៦។រីឯក្នុងថ្ងៃជាមួយគ្នានោះនៅស្រុកត្បែងមានជ័យវិញខ្យល់កន្ត្រាក់បានបក់បោកខ្លាំងបណ្តាលអោយបាក់មែកឈើនិងផ្ទះមួយចំនួនហើយរបួសកម្លាំងសមត្ថកិច្ច០៨នាក់។លោកជុំពុយអភិបាលស្រុកជ័យសែនបានអោយដឹងថាហេតុការណ៍ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១២ខ្នងក្នុងនោះនៅភូមិម៉ឺនរាជឃុំខ្យងស្រុកជ័យសែនបង្កអោយផ្ទះធ្វើពីឈើប្រក់ស័ង្កសីចំនួន៥ខ្នងបានទទួលរងការខូចខាតយ៉ាងដំណំ។និងនៅភូមិស្អាងឃុំស្អាងស្រុកជ័យសែនបង្កអោយផ្ទះធ្វើពីឈើប្រក់ស័ង្កសី០៤ខ្នងនិងប្រក់ស្បូវ០៣ខ្នងបានរងការខូចខាតប៉ើងដំបូលនិងជញ្ជាំង។លោកអភិបាលស្រុកបញ្ចាក់ថាហេតុការណ៍ខ្យល់កន្ត្រាក់នោះមិនមានមនុស្សណាម្នាក់រងរបួសនោះទេ។k8 k7
នៅថ្ងៃដដែលនោះប្រមាណ៣ម៉ោងនិង១០នាទីក្រោយមកអព្ភូតហេតុខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងទៅលើភូមិពោធិ៍ទាបឃុំម្លូរព្រៃ១ស្រុកឆែបខេត្តព្រះវិហាកាលពីវេលាម៉ោង០៨និង៣០នាទីយប់រក្បែរទីតាំងវេទិកាសម្ពោធដាក់អោយប្រើប្រាស់រោងចក្រផលិតស្ករសរបស់ចិនថែមទៀត។ហេតុការណ៍នោះបណ្តាលអោយរលំបាក់មែកឈើធំៗនិងផ្ទះប្រជាពលរដ្ឋមួយចំនួនសង្កត់ទៅត្រូវកម្លាំងសមត្ថកិច្ចចំនួន០៨នាក់រងរបួសធ្ងន់ស្រាល។
លោកអ៊ុងវុទ្ធីអភិបាលស្រុកត្បែងមានជ័យបានអោយដឹងថាហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតទ្បើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨មេសា២០១៦ស្ថិតនៅភូមិពោធិ៍ទាបឃុំម្លូរព្រៃ១ស្រុកឆែបជាប់ព្រំប្រទល់ស្រុកត្បែងមានជ័យ។កម្លាំងខ្យល់បានបក់បោកខ្លាំងទៅចំដើមឈើនិងផ្ទះប្រជាពលរដ្ឋបណ្តាលអោយកម្លាំងនគរបាលខេត្តចំនួន០៦នាក់រងរបួសធ្ងន់ស្រាលនិងប៉េអឹម០២នាក់រងរបួសស្រាលខណះពួកគេកំពុងដេកជ្រកដើម្បីការពារសន្តិសុខក្បែរវេទិការ។
លោកអភិបាលស្រុកបញ្ជាក់ថាជនរងគ្រោះទាំង០៨នាក់រួមមានទី១ឈ្មោះព្រំម៉ៅភេទប្រុសអាយុ២៦ឆ្នាំជានគរបាលរបួសបែកក្បាលទី២ឈ្មោះជុំកុតភេទប្រុសអាយុ៣០ឆ្នាំនគរបាលរបួសដៃនិងខ្នង។ទី៣ឈ្មោះលឿនលាន់ភេទប្រុសអាយុ៣៥ឆ្នាំនគរបាលរបួសធ្ងន់ក្បាលនិងចង្កេះទី៤ឈ្មោះសែនសុធាភេទប្រុសអាយុ៤៩ឆ្នាំនគរបាលរបួសធ្ងន់បាក់ភ្លៅឆ្វេងទី៥ឈ្មោះសានសុខាន់ភេទប្រុសអាយុ២៧ឆ្នាំនគរបាលរបួសធ្ងន់បាក់ភ្លៅឆ្វេងទី៦ឈ្មោះប៊ូម៉ាលីភេទប្រុសអាយុ២១ឆ្នាំនគរបាលរបួសបែកក្បាល។ទី៧ឈ្មោះអ៊ុនញ៉ុងភេទប្រុសប៉េអឹមរបួសស្រាលនិងទី០៨ឈ្មោះយឿងសភេទប្រុសអាយុ៤៤ឆ្នាំរបួសស្រាលចំក្បាល។
លោកអភិបាលស្រុកថ្លែងថាកម្លាំងនគរបាលដែលរងរបួសធ្ងន់ចំនួន០៣នាក់ត្រូវបានអង្គភាពបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបបានទាន់ពេលវេលាផងដែរ។
តាមជំនឿចាស់ៗបុរាណតែងតែនិយាយតៗគ្នាថាក្នុងពេលប្រារព្វធ្វើពិធីធំដុំអ្វីមូយបើមានមនុស្សបម្រើអោយពិធីនោះរងរបួសធ្ងន់ស្រាលរឺស្លាប់បាត់បង់ជីវិតគឺវាជាប្រផ្នូលអាក្រក់រឺចង្រៃឧបទ្រុបចំពោះម្ចាស់កម្មវិធីនោះតែម្តង។គួររំលឹកថាកាលពីឆ្នាំ២០១៥អ្នកភូមិជនជាតិកួយដើមកំណើតខ្មែរធ្លាប់បានធ្វើពិធីបួងសួងដាក់បណ្តាសារដល់ក្រុមហ៊ុនចិនរ៉ូយហ្វេងនិងអាជ្ញាធរខេត្តព្រះវិហារអោយជួបគ្រោះស៊យចង្រៃផងដែរដោយសារពួកគាត់ខឹងបាត់បង់ដីធ្លីស្រែចំការដែលចិនរំលោភយក៕
មង្គល