ភ្នំពេញ៖បុរស២នាក់ដែលជាស្ថានទូតវៀតណាម ហើយស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ខណះដល់ផ្លូវបបែកជាបួនដែលជាកន្លែងកើតហេតុ មិនបន្ថយល្បឿននោះ ក៏ជ្រុលចង្កូតទៅបុករថយន្តលុចសីុសRX400 បណ្ដាលឲ្យផ្អឿងជើងមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺពួកគាត់ឃើញរថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស្លែ ពាក់ស្លាកលេខCD80.070 ដែលបើកបរដោយបុរស២នាក់ដែលជាស្ថានទូតវៀតណាម ហើយស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួនហើយមិនបន្ថយល្បឿនផងនោះ ក៏ជ្រុលទៅបុករថយន្តលុចសីុសRX400 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AE.9276 ដែលបើកបរដោយបុរសម្នាក់ក្នុងល្បឿនល្មមទិសដៅពីជើងទៅត្បួង ដែលបានបើកបំរុងនិងឆ្លងជិតផុតទៅហើយនោះ ក៏ត្រូវរថយន្តបង្កបុកចំចហៀងកង់ក្រោយពេញទំហឹងបណ្ដាលឲ្យផ្អឿងជើងឡើងលើតែម្ដង ហើយរថយន្តបង្កបានរងការខូចខាតខាងមុខទាំងស្រុងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗហើយបានឃាត់ខ្លួនម្ចាស់រថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូង១ រួចហើយក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីរនោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ជីម ភារ៉ា