ខេត្តសៀមរាប៖លោកម៉ៅសុខនី អ្នកជំនាញការជួសជុលប្រាសាទនៃអាជ្ញាធរអប្សរាបានឲ្យដឹងថា ដោយខ្យល់ព្យុះកេតសូណាកាលពីឆ្នាំ២០១១កន្លងទៅបានធ្វើឲ្យកំពែងអង្គរធំ មានការបាក់រលំចំនួន៤កន្លែង។ហើយក្រោយពីបានធ្វើការសិក្សា និងទល់ទ្រចំណុចប្រេះស្រាំក្រុមអ្នកជំនាញក៍បានចាប់ផ្តើមធ្វើការជួសជុលឡើងវិញនៅឆ្នាំ២០១៤ដោយជ្រើសរើសជ្រុងឦសានមុនគេ ដើម្បីបញ្ជៀសការប៉ះពាល់ដល់កូនប្រាសាទជ្រុងដែលនៅក្បែរនោះ។ នៅក្នុងរយៈពេលជាង១ឆ្នាំនេះកំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រកម្ពស់៧ម៉ែត្រកន្លះ ត្រូវបានក្រុមអ្នកជំនាញខ្មែរ ធ្វើការជួសជុលឡើងវិញរួចរាល់ហើយ។ហើយឥឡូវនេះកំពែងនៅផ្នែកខាងជើងប្រវែង១៤ម៉ែត្រមួយកន្លែងទៀតត្រូវបានជុសជុលរួចរាល់ចំណែកផ្ទាំងចំនួន២ផ្សេងទៀតក៍ត្រូវបានក្រុមការងារកំពុងធ្វើការជួសជុលឡើងវិញផងដែរ។
លោកបានបញ្ជាក់ថាការងារជួសជុលកំពែងទាំង៤កន្លែងនេះមានអ្នកជំនាញខ្មែរ៤រូប ក្នុងនោះ អ្នកបុរាណវិទ្យា៣រូប និងស្ថាបត្យករ១រូប រួមនឹងកម្មករ៧០នាក់ផង។
លោកបណ្ឌិតលីវណ្ណាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានបញ្ជាក់ថា តាមពិតទៅកំពែងអង្គរធំដែលមានប្រវែងសរុប១២គីឡូម៉ែត្រមានការដួលរលំជាង២០កន្លែង ដោយសារកត្តាផ្សេងៗដូចជាការពុកផុយនៃថ្មការរំកិលនៃថ្មដីកណ្តៀរ ការដួលរលំនៃដើមឈើដែលដុះពីលើ និងដោយសារកត្តាខ្យល់ព្យុះជាដើម។
បច្ចុប្បន្នក្រុមជំនាញបានធ្វើផែនទីហានិភ័យមួយដែលបញ្ជាក់អំពីចំណុចពុកផុយ និងចំណុចដួលរលំដែលមានដល់ទៅជាង២០កន្លែង។លោកលីវណ្ណាបន្ថែមថា ចំពោះបច្ចេកទេសនៃការជួសជុលនេះបើទោះជាយើងមានអ្នកជំនាញខ្មែរកាន់ការដោយខ្លួន ឯងក៏ពិតមែនតែយើងតែងឆ្លងរបាយការណ៍និងពិគ្រោះយោបល់ជាមួយគណៈកម្មាធិកា រអាយស៊ីស៊ី-អង្គរជាប្រចាំផងដែរជាពិសេសក្នុងកិច្ចប្រជុំបច្ចេកទេសនិងកិច្ចប្រជុំពេញ អង្គរបស់គណៈកម្មាធិការនេះ៕ដោយគឿនវេត