ភ្នំពេញ៖មុខសញ្ញាចោរកម្ម២នាក់ដែលធ្វើសកម្មភាពលួចសម្ភារៈសំណង់ពីការដ្ឋានក្រុមហ៊ុនរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ធ្វើការដោះលែងឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកម្លាំងល្បាតប៉ុស្ដិ៍ឫស្សីកែវសហការនិងកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនបាននៅវេលាម៉ោង២យប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០១៦ ស្ថិតជាប់ក្នុងដែនព្រំប្រទល់ប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦និងប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ថន ប៊ុនថា នាយប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦បានប្រាប់ភ្នាក់ងារទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ថា ការដោះលែងជនសង្ស័យទាំង២នាក់ខាងលើដែលជាមុខសញ្ញាចោរកម្មលួចសម្ភារៈនោះគឺលោកបានសុំការអនុញ្ញាត្តត្រឹមត្រូវពីលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវរួចហើយទើបហ៊ានដោះលែងដើម្បីធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។
ពាក់ព័ន្ធការដោះលែងជនចោរកម្មលួខសម្ភារៈទាំង២នាក់នេះដែរប្រជាពលរដ្ឋរស់នៅមូលដ្ឋានប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវបានដាក់ការសង្ស័យនិងរិះគន់ចំពោះមន្ត្រីនគរបាលមូលដ្ឋានថា ពិតជាអស់សង្ឃឹមខ្លាំងណាស់ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនជនជាមុខសញ្ញាលួចសម្ភារៈផ្សេងៗតាមមូលដ្ឋានផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន២នាក់ហើយនោះប៉ុន្តែជាលទ្ធផលប៉ុន្មានម៉ោងក្រោយបែជាត្រូវដោះលែងឲ្យរួចខ្លួនទៅវិញហាក់មានការខុបឃិតគ្នាក៍ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ។
បើទោះបីជាយ៉ាងណាលោក វរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យភ្នាក់ងារទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ដឹងតាមទូរស័ព្ទថា លោកជាអ្នកអនុវត្តន៍ច្បាប់ ត្រូវធ្វើតាមនិតិវិធីច្បាប់ ដោយយោងតាមការស្នើរសុំរបស់ ជនរងគ្រោះទី១ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទី២ជនរងគ្រោះបានស្នើរសុំឲ្យមានការអប់រំជនត្រូវជាប់សង្ស័យទាំង២នាក់ដើម្បីកុំឲ្យអ្នកផ្សេងឫអ្នកដែលធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នាធ្វើតម្រាប់តាមព្រោះហេតុថា ជនសង្ស័យទាំង២នាក់គឺជាបុគ្គលិករបស់ក្រុមហ៊ុន ទើបសមត្ថកិច្ចអនុវត្តន៍តាមការស្នើរសុំរបស់ជនរងគ្រោះបានធ្វើការអប់រំដោះលែងជនត្រូវជាប់សង្ស័យអំពើរចោរកម្មទាំង២នាក់តែម្ដង។
គួររម្លឹកថា នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ កម្លាំង សមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបានសហការនិងកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវបានបន្តការយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីរក្សាសន្តិសុខសុវត្ថភាពជូនប្រជាពលរដ្ឋតាមផ្ទះក៍ឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដែលកំពុងធ្វើសកម្មភាពលួចសម្ភារៈផ្សេងៗពីការដ្ឋានក្រុមហ៊ុនរបស់ជនរងគ្រោះតែម្ដងដោយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវរួមនិងប្រជាការពារបានដកហូតវត្ថុតាងមួយចំនួនមានម៉ូតូសង់ឌ្រីមសេ១២៥មួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យទាំង២នាក់យកមកប្រគល់ជូនកម្លាំងនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ដើម្បីចាត់ការបន្តតាមនិតិវិធីដោយឡែកប៉ុន្មានម៉ោងក្រោយក៍ត្រូវដោះលែង។ ហាស់ កំសាន្ដ