ភ្នំពេញ ៖កម្លាំងប្រដាប់អាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងដាវសាម៉ូរៃ១ដើម ដែលក្នុងនោះមានបក្សពួកជាច្រើនគេចខ្លួនបាត់ ដោយសង្ស័យថាជាមុខសញ្ញកាប់ប្លន់នៅពេលយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២២៨ កែងនឹងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងរុាំង ខណ្ឌដូនពេញ។កម្លាំងប្រដាប់អាវុធហត្ថខណ្ឌដូនពេញមានឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយវត្ថុតាងដែលដកហូតបាន គឺដាវសាម៉ូរៃ១ដើម និងម៉ូតូហុងដាឌ្រីមសេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-3165 ចំនួន១គ្រឿង។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុកម្លាំងបានជិះល្បាតនៅក្នុងមូលដ្ឋាន ខណះកំពុងជិះល្បាតស្រាប់តែប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៥គ្រឿង បានជិះដេញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៦ ក្នុងល្បឿនយ៉ាងលឿន ដោយក្នងដៃមានកាន់ដាវសាម៉ូរៃថែមទៀតផង។ ឃើញដូច្នេះកម្លាំងបានធ្វើការដេញតាមនិងទំនាក់ទំនងទៅកម្លាំងផ្សេងទៀតជួយស្ទាក់ និងដេញចាប់បាន២នាក់ភ្លាមៗ ។
ក្រោយមកជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងអាវុធហត្ថនាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសួរនាំនិងសើបអង្កេតតាមចាប់បក្សពួកដែលសេសសល់បន្ថែមទៀតនៅពេលក្រោយ៕ដោយ៖ជីម ភារ៉ា