ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលជាអ្នកលក់ភេសជ្ជៈតាមរ៉ឺម៉ករុញ បានបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណះកំពុងរុញរទះដើរឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តមិនចាំម៉ាកបើកក្នុងល្បឿនលឿនបុកពេញទំហឹង ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កាលពីវេលាម៉ោង១១នឹង៥០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខសាលាអន្តរជាតិគង់រ៉េន តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ស្ត្រីរងគ្រោះមានឈ្មោះ ហុក ឈូក អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកលក់ភេសជ្ជៈតាមរ៉ឺម៉ករុញ បច្ចុប្បន្នស្នាក់នៅក្នុងភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
យោងតាមប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺស្ត្រីរងគ្រោះរុញរទេះភេសជ្ជៈលក់នៅលើដងផ្លូវ ហើយដោយទំនងជាអស់របស់អ្វីមួយសម្រាប់លក់ រូបគាត់ក៏បានដើរឆ្លងផ្លូវដើម្បីទៅទិញនៅតូបលក់ចាប់ហួយនៅឯផ្លូវម្ខាងទៀត ខណះកំពុងផ្លូវថ្នល់បានពាក់កណ្តាលផ្លូវ ពេលនោះស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បានបុកស្ត្រីរងគ្រោះពេញទំហឹង បណ្តាលឱ្យផ្លោងបោកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ប្រភពបន្តថា បន្ទាប់ពីបង្កហេតុរថយន្តមិនបានឈប់នោះទេ គឺបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ។
ក្រោយពេលើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង និងទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះ ឱ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ជីម ភារ៉ា