ភ្នំពេញ ៖ បុរស៤នាក់កំពុងអង្គុយផឹកស៊ីនៅចំណុចស្ពាននាគវត្តភ្នំ ក៏ត្រូវ ជនមិនស្គាល់មុខជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់បានចុះមកវាយបណ្ដាលអោយបែកក្បាលរួចថែមទាំងយកកាំភ្លើងភ្ជង់គំរាមបាញ់ថែមទៀតដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងផ្លូវលេខ១១៤ មុខមន្ទីរពេទ្យ ព្រះអង្គឌួង ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុខពេលកើតហេតុគេបានឃើញបុរស៤នាក់បានមកអង្គុយផឹកស៊ីនៅចំណុចក្បែរស្ពាននាគវត្តភ្នំ ដោយផឹកស្រវឹងហើយបានស្រែកឡូឡាយ៉ាងអាណាធិបតេយ្យ ខណៈនោះស្រាប់តែលេចមុខបុរស៤ទៅ៥នាក់បានជិះម៉ូតូ៣គ្រឿងសុទ្ធតែស៊េរីទំនើបមកឈប់ហើយស្ទុះមកវាយក្រុម បុរសដែលអង្គុយផឹកស៊ីស្រែកឡូឡានោះបណ្ដាលអោយបុរសម្នាក់បែកក្បាលហូរឈាមនិងផ្សេងទៀតរងរបួសស្រាល ហើយជនមិនស្គាល់មុខទាំងនោះថែមទាំង ដកភ្ជង់គំរាមបាញ់ទៅលើក្រុមបុរសទាំងនោះទៀតផង។
ភ្លាមៗនោះបន្ទាប់ពីមានការវាយតប់គ្នាហើយក៏ភាគីខាងបង្កឡើងជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោលអស់តែម្ដង។ ប្រហែលជិតកន្លះម៉ោងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានចុះអន្តរាគមន៍មកដល់កន្លែងកើតហេតុក៏បានធ្វើការសួរនាំពីមូលហេតុ ហើយក៏បានអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង តែបុរសដែលត្រូវគេវាយរងរបួសបែកក្បាលខាងលើនេះមិនបានទៅដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឡើយដោយនាំគ្នាទៅមន្ទីរពេទ្យដោយខ្លួនឯងព្រោះមិនចង់ មានរឿងវែងឆ្ងាយទល់តែទៀត៕