ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានអោយដឹងថានៅវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៥មេសា២០១៦មានរថយន្តយីឌុបពណ៌បៃតងប្រភេទសណ្តោងកន្ទុយមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ៣C៧៣៦០បានដឹកជញ្ជូនឈើប្រណីតធ្នង់ប្រមាណ១០កំណាត់ប្រវែង៤ម៉ែត្រៗមុខកាត់០១ម៉ែត្រឆ្ពោះទៅកាន់ខេត្តកំពង់ធំរីឯកំលាំងសមត្ថកិច្ចមិនបង្ក្រាប។
ភ្នាក់ងារបានអោយដឹងថាឈើធ្នង់ទាំងនោះឈ្មួញទិញយកអោយឧកញ៉ាម្នាក់នៅរាជធានីភ្នំពេញដើម្បីកែច្នៃធ្វើគ្រឿងសង្ហារឹមហើយដឹកជញ្ជូនមកពីស្រុកគូលែនទៅជ្រកនៅក្នុងសាលាខេត្តព្រះវិហាររួចហើយមានឱកាសល្អទើបដឹកចេញទៅកាន់ខេត្តកំពង់ធំរលូនតែម្តងកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៥មេសា២០១៦នេះ។
ប្រភពព័ត៌មានដដែលបានបន្តថាឈ្មួញឈើបានលាក់មុខមិនមាននរណាម្នាក់បានដឹងនិងស្គាល់ឈ្មោះគាត់ទេគ្រាន់តែដឹងថាឈ្មួញឈើខាងលើនេះបានជួលភ្នាក់ងារទូរទស្សន៍ប្រចាំខេត្តព្រះវិហារម្នាក់ជាអ្នកកាងរត់ការតាមដងផ្លូវជាតិលេខ៦២និងភ្នាក់ងារទូរទស្សន៍មានរឿងអាស្រូវម្នាក់ទៀតបានទទួលលុយចំនួន០១លានរៀលដើម្បីបិទព័ត៌មានមិនអោយថតផ្សាយពីសកម្មភាពដឹកឈើធ្នង់ខុសច្បាប់ទៅខេត្តកំពង់ធំកាលពីយប់មិញ។
ភ្នាក់ងារដដែលបញ្ជាក់ថាការដែលភ្នាក់ងារទូរទស្សន៍នោះយកលុយចំនួន០១លានរៀលពីឈ្មួញឈើបានបែកការណ៍សម្ងាត់នៅពេលសមត្ថកិច្ចនិងអ្នកប្រមាញ់បទល្មើសព្រៃឈើកាក់រថយន្តដឹកបទល្មើសព្រៃឈើនោះជាប់តាមដងផ្លូវជាតិ៦២នៅចំណុចស្រម៉ូវសង្កាត់ប៉ាលហាលក្រុងព្រះវិហារនៅវេលាម៉ោង០១យប់ថ្ងៃទី២៥មេសា២០១៦។
គួរបញ្ជាក់ថានៅតាមដងផ្លូវជាតិលេខ៦២និងផ្លូវជាតិលេខ០៩មានកុងត្រូលជជុះទាំងដាក់ក្បាលទ្បានស៊េរីទំនើបៗនិងទាំងស្នាក់ការសន្តិសុខចាំកាក់រថយន្តដឹកបទល្មើសព្រៃឈើប្រមាណ៣០កន្លែងប៉ុន្តែមិនដែលឃើញចាប់បង្ក្រាបរថយន្តដឹកឈើខុសច្បាប់បាន០១គ្រឿងណាទ្បើយ។ជាក់ស្ដែងរថយន្តយីឌុបដឹកឈើធ្នង់ខុសច្បាប់ខាងលើដឹកកាត់កុងត្រូលជជុះទាំងនេះយ៉ាងរលូនសង្ស័យបានសើមមាត់ទាំងអស់គ្នា៕