ខេត្តកំពង់ឆ្នាំង៖ សមាជិកសមាជិកាដែលជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញអោយអ្នកគាំទ្រគណបក្សទាំងអស់ មានអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នាដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ និងជ្រើសរើសតំណាងរាស្ត្រអាណតិទី៦២០១៨ » ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្ត ក្រុងស្រុក និងបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងខេត្តកំពង់ឆ្នាំងសរុប៤៧២នាក់ផងដែរ។
ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍បន្តទៀតថា៖ មកដល់បច្ចុប្បន្ននេះមានប្រជាពលរដ្ឋមួយចំនួនធំបានធ្វើអត្តសញ្ញាណប័ណ្ណរួចហើយហើយអ្វីដែលនៅសេសសល់ស្នើសុំថ្នាក់ដឹកនាំបក្សគ្រប់ក្រុង/ស្រុកជំរុញអោយប្រជាពលរដ្ឋ និងអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាទៅធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៤ឆ្នាំ២០១៧និងជ្រើសរើសតំណាងរាស្ត្រអាណតិទី៦២០១៨ខាងមុខនេះ។ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍បន្តទៀតថា ក្រុមការងារបក្សគ្រប់ថ្នាក់ត្រូវចូលរួមផ្សព្វផ្សាយអោយអោយប្រជាពលរដ្ឋបានជ្រាបថា ប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនិតីកាលទី៦នៃរដ្ឋសភា ហើយត្រូវរំលឹកអោយពួកគាត់យល់ដឹងថា អ្នកណាជាអ្នករំដោះយើងរួចផុតពីការកាប់សម្លាប់របស់ប៉ុលពត អ្នកណាបាន និងកំពុងស្តារ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់
វិស័យ និងមានសុខសន្តិភាពនិងមានការរីកចំរើនមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់ ក្រុមបក្សនិងសមាជិកបក្សទាំងអស់នៅគ្រប់មូលដ្ឋាន ត្រូវចូលរួមចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងអោយស្គាល់ទីតាំងការិយាល័យបោះឆ្នោតអោយបានគ្រប់ៗគ្នាជា ពិសេសចំពោះអ្នកដែលធ្វើចំណាកស្រុកចោលមូលដ្ឋាន អោយបានចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាផងដែរ។ ទន្ទឹមនោះដែរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមយ៉ាងសកម្មអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល,ចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាពអោយបានល្អជូនប្រជាពលរដ្ឋជាពិសេសត្រូវតាមដានជាប្រចាំនូវកង្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននិងដោះស្រាយបានទាន់ពេលវេលា។ គ្រប់សមាជិកបក្សទាំងអស់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ធ្វើជាគំរូក្នុងការគោរពច្បាប់ និងត្រូវចូលរួមដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់៕