កំពង់ឆ្នាំង៖ « មន្ត្រីរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋផ្តល់សេវាដោយស្មោះត្រង់ និងត្រូវធ្វើជាមន្ត្រីល្អដែលប្រជាពលរដ្ឋត្រូវការគ្រប់ពេលវេលា » ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈបក្សប្រជាជនកម្ពុជាជាខេត្តកំពង់ឆ្នាំងនាបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក របស់គណៈបក្សប្រជាជនកម្ពុជាជិត៥០០នាក់មកពីតាមបណ្តាឃុំ សង្កាត់ និងតាមមន្ទីរអង្គភាពជុំវិញខេត្ត។
នៅក្នុងពិធីសំណេះសំណាលនេះឯកឧត្តម ឈួរ ច័ន្ទឌឿន បានបន្តថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ជិតឈានមកដល់ហើយ ដូចនេះក្នុងនាមឯកឧត្តមជាប្រធានគណៈបក្សប្រជាជនខេត្តកំពង់ឆ្នាំង គឺឯកឧត្តមសូមអោយមន្ត្រីគណៈបក្សប្រជាជនកម្ពុជាដែលកំពុងមានតួនាទីជាសមាជឹកក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមប្រឹក្សាស្រុកក្រុងទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អថែមទៀត នៅពេលដែលពួកគាត់ត្រូវការយើង ដោយមិនត្រូវគិតពីពេលវេលា ឬទីកន្លែងនោះឡើយ។ ជាពិសេសត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋទូរទៅដោយមិនប្រកាន់និន្នាការនោយបាយអ្វើឡើយ នៅដែលពួកជួបប្រទះនូវការខ្វះខាត ទីទ័លក្រ ជនពិការ កុមារកំព្រា ជនរងគ្រោះដោយសារគ្រោះអគ្គីភ័យ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ដោយឧប្បទ្ទវហេតុផ្សេងៗជាដើម ដើម្បីអោយពួកគាត់មានជំនឿលើគណៈបក្សប្រជាជន ព្រោះគណៈបក្សប្រជាជនកម្ពុជាកើតឡើងដោយសារប្រជាជន និងត្រូវតែបំរើប្រជាជនវិញដោយស្មោះត្រង់។
នៅក្នុងការធ្វើលិខិតស្នាមសាធារណៈផ្សេងៗនៅគ្រប់មូលដ្ឋាន ត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទំនុកចិត្ត ក្នុងការមករកសេវាពីយើងដែលជាមន្ត្រីបំរើប្រជាជន មិនត្រូវទុកបង្កកឬបង្អង់អោយមានការយឺតយ៉ាវ នាំអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋឡើយ។
នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបានជំរុញផងដែរនូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ព្រោះ សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋាន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងស្ថេរភាពនៅក្នុងសង្គមជាតិ។ ដោយឡែកឯកឧត្តមបានជំរុញអោយមន្ត្រីគណៈបក្សប្រជាជនទាំងអស់ យកចិត្តទុកដាក់ណែនាំប្រជាពលរដ្ឋគ្រប់មូលដ្ឋាន អោយនាំគ្នាទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ៕