ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌជ្រោយចង្វារសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារដើម្បីដាក់គោលដៅត្រួតពិនិត្យបទល្មើសច្បាប់ចរាចរផ្លូវគោកថ្មី បានឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន២កញ្ចប់ជាប្រភេទម៉ាទឹកកករួមទាំងដកហូតមធ្យោបាយធ្វើដំណើររបស់ជនត្រូវជាប់សង្ស័យមានម៉ូតូចំនួន២គ្រឿងផងដែរ ។
ជនត្រូវសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនបាននៅវេលាម៉ោង៨យប់ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ នៅត្រង់ចំណុចមុខវត្តកៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។អធិការរងខណ្ឌជ្រោយចង្វារលោក ឯក សេរីវុធ បានប្រាប់អ្នកសារព័ត៌មានថា ខណៈដែលកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសហការនិងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារទទួលបានផែនការដឹកនាំពីលោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារដើម្បីដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរផ្លូវគោកថ្មីនោះ ស្របពេលនិងជនត្រូវសង្ស័យមានបក្ខពួក៤នាក់ជិះបើកម៉ូតូ២គ្រឿងឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចក៍ធ្វើការឃាត់ឆែកឆេរបានរកឃើញថ្នាំញៀនចំនួន២កញ្ចប់តូចជាប្រភេទម៉ាទឹកកកដែលក្រុមជនទាំងនោះបានរក្សាទុកធ្វើសកម្មភាពប្រើប្រាស់ជាមួយគ្នា ព្រមទាំងដកហូតមធ្យោបាយធ្វើដំណើររបស់ជនប្រើប្រាស់ថ្នាំញៀនមានម៉ូតូចំនួន២គ្រឿង ។
លោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារបានប្រាប់អ្នកសារព័ត៌មានទៀតថា បច្ចុប្បន្នជនត្រូវសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងបាននិងកំពុងឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់ការតាមនិតិវិធី ៕ហាស់ កំសាន្ដ