ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចំណាយពេលពេញមួយថ្ងៃ ដើម្បីធ្វើការសួរដេញដោលទៅលើក្រុមលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ជនជាប់ចោទ ២០នាក់ ផ្សេងទៀត ។ ប៉ុន្តែ ទោះបីយ៉ាងណា ការសួរ ដេញដោលនេះ នៅមិនទាន់បានទទួលលទ្ឋផលអ្វីនៅឡើយទេ ពោលគឺ សវនាការ នឹងបន្តធ្វើនៅព្រឹកថ្ងៃទី២១ ខែឧសភា ទៀត ។
សវនាការ នៅថ្ងៃទី២១ ខែឧសភា គឺជាសវនាការលើក ទី៤ហើយ ។ ជនជាប់ចោទទាំង២១នាក់ រួមទាំងលោក វន់ ពៅ ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សា ដោយចេតនាមាន ស្ថានទម្ងន់ទោស និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង ឯកជន មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី០២ និង ទៅ០៣ ខែមករា ឆ្នាំ២០១៤ កន្លងទៅ នៅចំណុចមុខសួនឧស្សាហកម្ម កាណាឌីយ៉ា និង តាមផ្លូវវ៉េងស្រេង ។
ចំណែកជនជាប់ចោទ ២នាក់ទៀត បច្ចុប្បន្នដោះលែងឲ្យនៅក្រៅឃុំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទបង្កហិង្សានៅ មុខវត្តស្ទឹងមានជ័យ ខណៈមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ចនិងកម្មកររោងចក្រ អេសអិល ត្រូវបានតុលាការសាកសួរចប់ហើយ កាលពីថ្ងៃទី០៦ ខែឧសភា កន្លងទៅ ហើយសាលក្រមនឹងត្រូវប្រកាស នៅថ្ងៃទី៣០ ខែឧសភា ខាងមុខ ។ ដូច្នេះសំណុំរឿងនេះ បច្ចុប្បន្ន នៅសល់តែជនជាប់ចោទ២១នាក់ ប៉ុណ្ណោះ ដែលត្រូវធ្វើការសួរដេញដោលបន្តទៀត ។
គួររំលឹកថា កាលពីថ្ងៃទី២ ខែមករាឆ្នាំ២០១៤ ក្នុងពេលដែលលោក វន់ ពៅបានដឹកនាំមនុស្សប្រមាណជាង៤០នាក់ដើរញុះញង់ធ្វើសកម្មភាពតាមរោងចក្របង្ខំឱ្យកម្មករដែលបានចូលធ្វើការចេញមកធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដែលមានម៉ូតូប្រមាណ៥-១០គ្រឿង បានជិះមកស៊ីផ្លេខ្លាំងៗនិងបើកភ្លើងស្រែកឡូឡា។
លុះពេលមកដល់រោងចក្រយ៉ាកជីងក្រុមញុះញង់ដែលដឹកនាំដោយលោក វន់ ពៅបានធ្វើសកម្មភាពគប់បំផ្លាញទ្រព្យសម្បត្ដិរោងចក្រហើយបង្កឱ្យមានការប៉ះទង្គិចជាមួយកម្លាំង យោធាឆ័ត្រយោងលេខ៩១១ដោយក្រុមកម្មករបានគប់ដំបងនិងដុំថ្មទៅលើសមត្ថកិច្ចទើបកម្លាំង យោធាធ្វើការបង្ក្រាបក្រុមកម្មករ និង ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែម្តង៕