មណ្ឌលគិរី៖ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើឲ្យ អជ្ញាធរខេត្តមណ្ឌលគិរី ត្រូវការពារ និងរក្សាអនាម័យឲ្យបានល្អ នៅចំណុចទីតាំងប្រភពទឹកយ៉ាងសំខាន់ក្នុងក្រុងសែនមនោរម្យ គឺបឹងទំនប់លើ និងបឹងទំនប់ក្រោម ក្នុងការផ្គត់ផ្គងទឹកស្អាតឲ្យពលរដ្ឋប្រើប្រាស់ ។ ឯកឧត្ដមបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ប្រពន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែន មនោរម្យ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ជាង២លានដុល្លាសហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌគម្រោងជំនួយអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី២៥ មេសាឆ្នាំ ២០១៦ នៅអង្គភាពរដ្ឋាករទឹកក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ឯកឧត្ដមបានថ្លែងបន្តទៀតថា អជ្ញាធរខេត្ត ជាពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យលើបញ្ហាប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដើម្បីបញ្ជៀសកុំឲ្យទឹកទាំងនោះហូរចូលក្នុងទំនប់ទាំងពីរនេះ ហើយប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងក៏ត្រូវចូលរួមថែរក្សា អនាម័យ បរិស្ថាន ឲ្យបានល្អប្រសើរផងដែរ ។
បន្ទាប់មកឯកឧត្ដមបានជម្រុញដល់ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធឲ្យបានល្អ ក្នុងការសាងសង់ពង្រីកបណ្ដាញចែកចាយទឹកឲ្យសម្រេចបានជាជំហានបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពផលិតទឹកស្អាត ចំនួន២០០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងមានបណ្ដាញចែកចាយទឹកប្រវ៉ែង ជាង២៦គីឡូម៉ែត្រ និងអាចផ្តល់ ទឹកជូនប្រជាពលរដ្ឋបានចំនួន០៣សង្កាត់ ក្នុងនោះមានសង្កាត់មនោរម្យ សង្កាត់ស្ពានមានជ័យ សង្កាត់សុខដុម ហើយការប្រើប្រាស់របស់ប្រជាពលរដ្ឋចំនួន១៨៣០គ្រួសារ៕ដោយប៊ូស្រា