ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់ស្រវឹងវង្វេងស្មារតីដោយមានរបួសចេញឈាមប្រឡាក់ពេញមុខ បានស្រែកអោយគេជួយរកម៉ូតូអោយផង ដោយប្រាប់គេថា គាត់បានជិៈម៉ូតូធ្លាក់ប្រឡាយតែមិនដឹងចំណុចណានោះទេ ក្រោយពីប្រជាពលរដ្ឋបាននាំគ្នាដើររកមួយសន្ទុះធំទើបរកម៉ូតូឃើញក្នុងប្រឡាយគ្មានទឹកក្បែររបងវត្តក្តីត្នោត។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ នៅពេលទទួលព័ត៌មានខាងលើនេះ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានសួរនាំបុរសរងគ្រោះខាងលើ តែឈ្មោះនេះ ម្តងថាឈ្មោះនោះ និងមិនដឹងទីលំនៅឯណា ជិៈម៉ូតូមកពីណា គឺស្រវឹងវង្វេងអស់ទៅហើយ បន្ទាប់មកប្រជាពលរដ្ឋបានជួយដើរកម៉ូតូ តាមប្រឡាយជិតៗនោះតែរកមិនឃើញ មួយសន្ទុះក្រោយមក បានត្រឡប់មកសួរ បុរសស្រវឹងនោះម្តងទៀត គាត់ប្រាប់ថាៈ គាត់មកពីភូមិស្មែត ឃុំស្វាយជ្រុំ ទើបនាំគ្នាទៅរកតាមផ្លូវ មកពីភូមិស្មែត ហើយក៏បានឃើញម៉ូតូម៉ាកស្តេប ពណ៌ ស គ្មានស្លាកលេខ នៅក្នុងប្រឡាយ ខាងជើងជាប់របងវត្តក្តីត្នោត និងបាននាំគ្នាជួយលើក ម៉ូតូនោះឡើងហើយបានយកទៅរក្សាទុកនៅប៉ុស្តិនគរបាល ដើម្បីទុកប្រគល់ជូនទៅម្ចាស់ដើមវិញ ចំណែកជនរងគ្រោះបានដឹកយកទៅព្យាលបាលរបួសនៅមន្ទីរពេទ្យ ខេត្ត។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានហួសចិត្តនិងបានប្រាប់សមត្ថកិច្ចថា ខណៈពេលពួកគាត់មិនទាន់ដេក នៅផឹកស៊ីមុខផ្ទះ ស្រាប់តែឃើញបុរសរូបនោះ មានឈាមប្រឡាក់ពេញមុខ ដើរក្នុងសភាពស្រវឹងទោផ្លូវមួយម្នាក់ឯង ពេលមកដល់កន្លែងពួកគាត់បានប្រាប់ថា ជួយរកម៉ូតូអោយគាត់ផង ព្រោះគា ត់បានជិៈធ្លាក់ប្រឡាយ តែមិនដឹងប្រឡាយនៅឯណាទេព្រោះស្រវឹងវង្វេងអស់ហើយ។ពេលសួរឈ្មោះគាត់ ដើម្បីរកបងប្អូនអោយមកយកគាត់ម្តងថា គាត់ឈ្មោះ អៀង ម្តងថាៈ ឈ្មោះហេង ម្តងថាៈ នៅភូមិស្មែត និងម្តងទៀតថាៈ នៅភូមិធម្មយុត្តិ ។ ដោយហេតុនេះហើយ ក្រោយពេលរកម៉ូតូឃើញ ក៏យកទុកនៅប៉ុស្តិនគរបាលសិន។
ចំណែកជនរងគ្រោះបានគេដឹកទៅសម្រាកនិងលាងរបួសនៅមន្ទីរពេទ្យខេត្ត ចាំដោយពេលស្វាងស្រវឹងអោយគាត់ទៅយកម៉ូតូខ្លួនឯងចុះ រឿងនេះត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនិយាយថា “ ផឹកនេះគឺផឹកអោយគេសែងតែម្តង ដួលម៉ូតូបែកមុខបែកមាត់ មិនដឹងដួលនៅឯណា ផ្អើលគេម៉ាខេត្ត តាមវិទ្យុទាក់ទង របស់នគរបាលស្រុកនិងខេត្តរឿងបាត់ម៉ូតូ ៕