កំពង់ធំៈ ដើម្បីឲ្យក្លាយខ្លួនអ្នកការពារបុព្វហេតុជាតិមាតុភូមិ និងជាកងកម្លាំងយោធពលខេមរភូមិន្ទមានគុណភាព និងសមត្ថភាពរ៉ឹងប៉ឹង ចាំបាច់ត្រូវការហ្វឹកហ្វឺនបំប៉នពង្រឹងពីយុទ្ធសាស្ត្រ និងចេតនាសាស្ត្ររួមទាំងវិន័យសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ដើម្បីត្រៀមជាស្រេចរងចាំបញ្ជាពីថ្នាក់លើ ក្នុងការអនុវត្តផែនការនានា ក្នុងវិស័យការពារជាតិ។
ជាក់ស្តែងពិធីហ្វឹកហ្វឺនយុទ្ធវិធីសណ្តាប់ធ្នាប់ និងយុទ្ធដំណើរដល់នាយទាហាន និងពលទាហាន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានបិទវគ្គនៅព្រឹកវេលាម៉ោង៨ ថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅទីតាំងវរៈសេនាតូចចាស់ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយអធិតបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ មាស សុំ មេបញ្ជាការងយោធភូមិភាគទី៤ និងលោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ ព្រមទាំង ប្រធានអនុប្រធានមន្ទីរនិងសិក្ខាមចំនួន២៥០នាក់។
ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថាដោយអនុវត្តតាមផែនការរបស់ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានយោធភូមិភាគទី៤ អង្គភាពតំបន់សឹករងកំពង់ធំ បានបើកដំណើរការហ្វឹកហ្វឺន បំប៉ន យុទ្ធវិធី សណ្តាប់ធ្នាប់ អប់រំចេតសាស្ត្រ និងបានផ្សព្វផ្សាយច្បាប់ដល់កងកម្លាំងចំនួន២៥០នាក់ ដើម្បីពង្រឹងសមត្ថភាពការយល់ដឹងពីសភាពការណ៍ ហ៊ានពលីកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ និងប្តេជ្ញាចិត្តខ្ពស់ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងមិនចាញ់ឃោសនា បោកប្រាស់ពីសំណាក់ក្រុមអគតិ ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងសភាពមហន្តរាយ ចំពោះលទ្ធផលដែលទទួលបានពីការហ្វឹកហ្វឺន សិក្ខាមដែលបានឆ្លងកាត់ការរៀនសូត្រនេះ និទ្ទេសល្អចំនួន២៨នាក់ បង្គួរ១៣០នាក់ មធ្យោម៩២នាក់ ។
ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់មេបញ្ជាការ ដឹកនាំកងកម្លាំងប្រកបដោយគុណភាព និងមានសមត្ថភាពខ្ពស់ ក្នុងកិច្ចការវិស័យយោធា ដើម្បីបំរើជាតិមាតុភូមិ និងអគុណចំពោះសិក្ខាមទាំងអស់ដែលបានយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កំណែទម្រង់ធំៗចំនួន៤ គឺការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់និងប្រព័ន្ឋយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ហេតុនេះការអភិវឌ្ឍន៍សមត្ថភាពរបស់កងទ័ពត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ឲ្យមានប្រសិទ្ធិភាព ទៅតាមសម័យកាល នៃការរីកចំរើន ផ្នែកបច្ចេកវិជ្ជាទំនើបៗនៅលើពិភពលោក ដែលយុទ្ធជនគ្រប់រូបត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់មិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាព ខ្លួនឲ្យក្លាយជាយុទ្ធបច្ចេកវិទ្យា និងវិទ្យាសាស្ត្រផងដែរ។
ដោយ ប៊ុន រដ្ឋា



































