ខេត្តសៀមរាប ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះនឹងប្រារព្វធ្វើនៅទីលានជល់ដំរីខេត្តសៀមរាបដោយស្ដេចមាឃត្រូវបានតំណាងដោយឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុងជាព្រះមេហួ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងស្រុកឆ្នាំនេះនឹងត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិប្រារព្ធធ្វើឡើងនៅទីលានជល់ដំរីខេត្តសៀមរាបនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ស្ដេចមាឃត្រូវបានតំណាងដោយឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុងជាព្រះមេហួ។
លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឲ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ក្នុងបណ្ដាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ចាត់ទុកថាជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរដែលព្រះមហាក្សត្រគ្រប់ព្រះអង្គតែងដឹកនាំប្រារព្ធពិធីពុំដែលខកខានតាំងពីបុរាណកាលមក។ ហើយសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលនឹងរៀបចំធ្វើឡើងនៅខេត្តសៀមរាបឆ្នាំនេះក៍នឹងធ្វើឲ្យមានការទាក់ទាញ់ភ្ញៀវទេសចរផងដែរ។

សូមបញ្ជក់ថា នៅក្នុងសម័យកាលនេះសម្រាប់ខេត្តសៀមរាបនេះជាលើកទី២ហើយដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិជ្រើសរើយកធ្វើទីតាំងសម្រាប់ធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីលើកទី១ធ្វើនៅឆ្នាំ២០១០និងលើកទី២ធ្វើនៅក្នុងឆ្នាំ២០១៦នេះនៅទីលានជល់ដំរី។ដោយគឿនវេត


































