ខេត្តសៀមរាបឆ្នាំនេះគ្រោះរាំងស្ងួតបានអូសបន្លាយពេលវេលាយូរ គួបផ្សំជាមួយស្ថានភាពបម្រែបម្រួលអាកាសធាតុជាសាកលផងដែលជាហេតុធ្វើឲ្យស្រះត្រពាំងបឹងបួរ អណ្តូងដែលជាប្រភពផ្តល់ទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ត្រូវគោករីងហួតស្ងួតអស់ មិននឹកស្មានដល់ ។ប្រជាពលរដ្ឋម្នាក់វ័យជាង៥០ឆ្នាំនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាបបានត្អូញត្អែរថាតាំងពីគាត់កើតមកក្នុងភូមិគាត់មិនដែលដាច់ទឹកទេ នេះជាលើកទី១ក្នុងជីវិតគាត់ដែលជួបប្រទះកង្វះទឹកបរិភោគនិងប្រើប្រាស់ ។ប៉ុន្តែទោះយ៉ាងណា គាត់សម្តែងភាពត្រេកអរនិងអគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់ ដឹកជញ្ជូនទឹកយកមកផ្តល់ដល់ពួកគាត់ជាបន្តបន្ទាប់បានទាន់ពេលវេលា។ក្នុងខេត្តសៀមរាបមានស្រុកក្រុងចំនួន៥ដែលកំពុងរងការខ្វះខាតទឹកប្រើប្រាស់តែក្នុងស្រុកទាំងនោះមិនមែនខ្វះទាំងអស់នោះទេ គឺខ្វះដោយកន្លែងៗក្នុងនោះមាន ក្រុងសៀមរាបស្រុកជីក្រែងស្រុកពួកស្រុកបន្ទាយស្រីនិងស្រុកស្វាយលើ តាមប្រសាសន៍របស់ លោកបណ្ឌិត ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តនៅរសៀលថ្ងៃទី២៦ មេសាម្សិលម៉ិញនេះក្នុងឱកាសចុះពិនិត្យនិងចែកចាយទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកវិលក្រុងសៀមរាបខេត្តសៀមរាប។
តាមការបញ្ជាក់របស់លោកបណ្ឌិតឃឹមប៊ុនសុងបានឲ្យដឹងថាសរុមមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណជាង៣ពាន់គ្រួសារហើយបានទទួលទឹកចំនួន២ដងមកហើយ ។ ជុំវិញមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបខ្វះទឹកដោយស្រះអណ្តូងរបស់ពួកគាត់គោកហួតហែងអស់ បើផ្អែកតាមអ្នកបច្ចេកទេសគឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនិងភាពរាំងស្ងួតអូសបន្លាយពេលយូរដោយរបាយទឹកភ្លៀងនាឆ្នាំ២០១៥មានចំនួនតិចជាងឆ្នាំកន្លងមកសំខាន់ប្រភពទឹកពីភ្នំគូលែនក៍ស្បើយ គ្មានទឹកហូរចូលទន្លេសាបដែលជាហេតុឲ្យទឹកក្នុងអណ្តូងស្រះជាដើមរបស់ប្រជាពលរដ្ឋ គោករីងអស់ស្មាននឹកមិនដល់។ក្នុងចំណោមមូលដ្ឋានខ្វះទឹក សង្កាត់ទឹកវិលមានទំហំធំជាងឃុំសង្កាត់ដទៃដែលខ្វះខាតទឹកប្រើក្នុងទូទាំងខេត្តសៀមរាប។ក្នុងសង្កាត់នេះមានប្រជាពលរដ្ឋជាង១ពាន់គ្រួសារប្រឈមនឹងកង្វះទឹក ហើយអាជ្ញាធរខេត្តសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្តមន្ទីរបរិស្ថានខេត្តនិងអង្គភាពរដ្ឋករទឹកស្វ័យត បានដឹកជញ្ជូនទឹកជូនពួកគាត់ក្នុងមួយថ្ងៃៗពី៥ពាន់ទៅ៩ពាន់លីត្រ ហើយទឹកដែលចែកជូនប្រើប្រាស់នេះសុទ្ឋតែជាទឹកស្អាតរបស់រដ្ឋករទឹកស្វ័យតសៀមរាប ហើយអាជ្ញាធរខេត្តនឹងបន្តដឹកជញ្ជូនផ្តល់ទឹកជូនជាបន្តបន្ទាប់លុះដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ ។ លោកបណ្ឌិត ឃឹម ប៊ុនសុងក្នុងឱកាសចុះពិនិត្យចែកចាយទឹកជូនប្រជាពលរដ្ឋនៅសង្កាត់ទឹកវិលក្រុងសៀមរាប បានបញ្ជាក់ជូនប្រជាពលរដ្ឋថាអាជ្ញាធរខេត្តបានគិតគូជានិច្ចមិនថាតែក្នុងក្រុងទេ នៅគ្រប់មូលដ្ឋានតាមស្រុកដែលជួបការខ្វះខាតទឹកប្រើប្រាស់ ក៍បានដាក់ឲ្យមានរថយន្តទឹកប្រចាំការនៅទីនោះនិងចាត់បញ្ជាឲ្យអាជ្ញាធរស្រុកមើលជាប្រចាំមិនឲ្យបងប្អូន ពីព្រោះថាទឹកជាកត្តាសំខាន់សម្រាប់មនុស្សសត្វប្រចាំថ្ងៃមិនអាចខ្វះបានឡើយ។ក្នុងនោះលោក បណ្ឌិតបានបញ្ជាក់ថាចំពោះសង្កាត់ទឹកវិលនេះ ត្រូវបានឲ្យអង្គភាពរដ្ឋករទឹកស្វ័យតធ្វើការរៀបចំដាក់រ៉ូប៊ីណេទឹកស្អាតនៅចំណុចទ្វារទឹកវិល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមកដឹកជញ្ជូនពេលណាក៍បាន។ក្នុងនាមអាជ្ញាធរខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យមានការសន្សំសំចៃក្នុងការប្រើប្រាស់ទឹកនិងគួរស្តារអណ្តូងស្រះរបស់ខ្លួន ដើម្បីបង្ការកង្វះទឹកក្នុងពេលណាមួយជាយថាហេតុត្រៀមឧបរណ៍សម្រាប់រក្សាទឹកទុកបើអាចគួរជីកស្រះឬត្រពាំងស្តុកទឹកទុកព្រោះថាគ្រោះរាំងស្ងួតនិងកើតមានក្នុងឆ្នាំខាងមុខទៀតមិនខាន ៕ដោយគឿនវេត