តាកែវ: ម៉ូតូសេរីថ្មី២គ្រឿងសាកកម្លាំងគ្នា បណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់ ។ ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោងជាង៦ព្រលប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧និងលេខ៨ ស្ថិតនៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។លោក យ៉ង់ វណ្ណធី អធិការនគរបាលស្រុកត្រាំកក់ បានអោយដឹងថា ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1J 6657 បើកបរដោយឈ្មោះ ហឿន ចាន ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិស្លា ឃុំលាយបូរស្រុកត្រាំកក់ រងរបួសធ្ងន់។ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកZOO MER X ពណ៌ខ្មៅលាយសរ ពាក់ស្លាកលេខ កណ្តាល 1L 6368 បើកបរដោយឈ្មោះ ចក់ សាវ៉ាន់ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត រងរបួសធ្ងន់ ។ក្រោយពីកើតហេតុ ជនរងគ្រោះទាំង២ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
អ្នកឃើញហេតុការណ៍បាននិយាយប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា បើកបរ មកពីទិសខាងកើតឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្តាលអោយមានមនុស្សរងរបួសធ្ងន់ទាំង២នាក់តែម្តង ។ បច្ចុប្បន្នវត្ថុតាងទាំង២ត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕