​ទិវា​ពលកម្ម​អន្តរជាតិ​« ប្រាក់​ឈ្នួល​របស់​បងប្អូន​កម្មក​រ​និយោជិត​ក្នុង​ខេត្តកំពង់ឆ្នាំង​ ១​ខែៗ​ទទួលបាន​ជាង​៤​លាន​ដុល្លា »

0

ខេត្តកំពង់ឆ្នាំង៖ «នៅក្នុងខេត្តកំពង់ឆ្នាំងមានមូលដ្ឋានធ្វើអាជីវកម្មចំនួន១៣៥កន្លែង និងផ្តល់ការងារជូនប្រជាពលរដ្ឋទាំំងក្នុងនិងក្រៅខេត្តបានប្រមាណជិត៤ម៉ឺននាក់ ក្នុងនោះមានរោងចក្រចំនួន១៨កន្លែងមានកម្មករនិយោជិតកំពុងបំរើការងារប្រមាណជាង៣ម៉ឺននាក់ ដែលទទួលបានប្រាក់ឈ្នួលសរុបក្នុង១ខែៗជាង៤លានដុល្លាអាមេរិក» លោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះ នៅក្នុងទិវាពលកម្មអន្តរជាតិ០១ ឧសភា លើកទី១៣០ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅក្នុងស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជាអធិបតីផងដែរ។
លោក ពៅ ស៊ីថា បានបន្តថា៖ នៅក្នុងខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសគឺការបង្កើត និងផ្តល់ការងារជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើក្នុងខេត្ត ក្នុងនោះខេត្តកំពង់ឆ្នាំងបានស្រូបទាញកម្មករនិយោជិតអោយមានការងារធ្វើប្រមាណជិត៤ម៉ឺននាក់ ហើយប្រាក់ឈ្នួលដែលបងប្អូនកម្មករនិយោជិតម្នាក់ៗទទួលបានគិតជាមធ្យម១ខែ ស្មើនឹង១៤០ដុល្លា នេះមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងៗ ដែលបងប្អូននិយោជិតត្រូវទទួលបានបន្ថែមទៀត។ ចំណែកប្រាក់ឈ្នួលសរុបរបស់បងប្អូនកម្មករនិយោជិតក្នុង១ខែៗទទួលបានប្រមាណជាង៤លានដុល្លា សំរាប់ចែកចាយ និងចំណាយទៅលើទីផ្សារ ដើម្បីទិញសម្ភារៈបរិក្ខាផ្គត់ផ្គង់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ ដែលនេះគឺការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងនៅពេលបច្ចុប្បន្ន។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានលើកឡើងថា៖ ខេត្តកំពង់ឆ្នាំង បានប្រារព្វពិធីរំលឹកខួបលើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ០១ ឧសភា នេះឡើងគឺបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកទៅលើបងប្អូនកម្មករនិយោជិត ដើម្បីធានាសិទ្ធនិងផលប្រយោជន៍រួមរបស់បងប្អូនស្របតាមច្បាប់ស្តីពីការងារ។ ក្នុងនាមប្រទេសជាសមាជឹកអង្គការពលកម្មអន្តរជាតិ កម្ពុជាយើងបានខិតខំជំរុញអោយមានការលើកកំពស់លក្ខខ័ណ្ឌការងារ ប្រព័ន្ធសុវត្ថិភាពនៅកន្លែងធ្វើការ ត្រួតពិនិត្យសុខភាព និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនទៅតាមបទដ្ឋានអន្តរជាតិខាងការងារ។
ទន្ទឹមនេះដែលប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតបេឡាជាតិរបបសន្តិសុខសង្គម ដែលស្ថិតនៅក្រោមបទបញ្ញតិច្បាប់ស្តីពីការងារ ក្នុងគោលបំណងធានារ៉ាប់រងរាល់ហានិភ័យនៅកន្លែងធ្វើការ ពេលធ្វើដំណើទៅនិងមកកន្លែងធ្វើការ។ ដែលក្នុងនោះរាជរដ្ឋាភិបាលបានគិតគូដល់បងប្អូនកម្មករនិយោជិតជានិច្ចចំពោះប្រាក់ឈ្នួលផ្ទះ អគ្គិសនីប្រើប្រាស់ និងមធ្យោបាយដឹកជញ្ជូនអោយសមស្រប ព្រោះបងប្អូនកម្មករនិយោជិតជាកំលាំងចលករលើកស្ទួយកំណើនសេដ្ឋកិច្ចរបស់ជាតិ និងជាអ្នកចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្ររបស់ក្រុមគ្រួសាររបស់គាត់ នៅតាមមូលដ្ឋាន៕
22 3 1