ខេត្តរតនគិរីៈ ប្រជាពលរដ្ឋ៣០០គ្រួសារសង់លំនៅដ្ឋានដោយអនាធិបតេយ្យ លើផ្ទៃដីកម្មសិទ្ធិរបស់ក្រសួងកសិកម្ម ដែលវិនិយោគដំណាំកសិឧស្សាហកម្ម កៅស៊ូអោយក្រុមហ៊ុន ហ្វិសហ្វរ៉ាប់ប៊ើលីមីធីត ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ត្រូវបានកងកម្លាំង និងអាជ្ញាធរ ធ្វើការជូនដំណឹង និងរុះរើបណ្តេញចេញពីទីតាំងនោះនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ តាមដងផ្លូវចេញពីក្រុងបានលុងឆ្ពោះទៅទីរួមស្រុកអូរជុំ។
យោងតាមប្រភពបានអោយដឹងថា ប្រជាពលរដ្ឋដែលនាំគ្នាមកបោះទីតាំងសង់លំនៅដ្ឋានបោះតង់ថ្មីៗនេះ ភាគច្រើនជាជនចំណាក់ស្រុកមកធ្វើជាកម្មករជៀរជ័រកៅស៊ូ និងខ្លះទៀតជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុង បាននាំគ្នាបំផុសចលនា សំរុកសង់លំនៅដ្ឋានថ្មីៗជាបន្តបន្ទាប់ បន្ទាប់ពីក្រុមហ៊ុនកៅស៊ូហ្វីហ្វរ៉ាប់ប៊ើលីមីធីតបានធ្វើការកាប់ដើមកៅស៊ូចាស់ៗយកដីដើម្បីដាំកៅស៊ូថ្មី។
ប្រជាពលរដ្ឋទាំងនោះគ្រប់ៗគ្នាបានអះអាងថា ពួកគាត់មករស់នៅធ្វើជាកម្មករនៅទីនោះយូរឆ្នាំមកហើយ គ្មានដីជំរកទើបនាំគ្នាមកសង់លំនៅដ្ឋាននៅតាមដងផ្លូវបែបនេះ គឺសុំតែដីឡូរ៍ធ្វើផ្ទះប៉ុណ្ណោះ ហើយពួកគាត់សុខចិត្តក្រាញ់ននៀលមិនព្រម រុះរើទៅទីណាទេ ព្រោះពួកគាត់គ្មានកន្លែងស្នាក់នៅ។
សកម្មភាពសង់សំនៅរំលោភលើដីកម្មសិទ្ធសាធារណៈរបស់រដ្ឋនេះ គេសង្កេតឃើញរិតតែមានសន្ទុះឡើងក្នុងតែរយៈពេលជាង២សប្តាហ៍នេះប៉ុណ្ណោះ ពីមុនមានតែជាងផ្ទះ១០ទៅ២០ខ្នងប៉ុណ្ណោះសង់លំនៅដ្ឋាន និងដំណាំយុទ្ធសាស្ត្ររួមផ្សំផង ប៉ុន្តែបច្ចុប្បន្នគឺនាំគ្នាសំរុកសង់ និងបោះតង់រាប់រយខ្នង មានចំនួន២ជួរ ជួរមុខនិងជួរក្រោយ ខំសម្រុកធ្វើខ្ទមទាំងយប់ទាំងថ្ងៃតែម្តង។
ឯកឧត្តមថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍តាមទួរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែឧសភា នេះថា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះជូនដំណឹង និងអនុវត្តការរុះរើតាមដីការរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនប៉ុណ្ណោះ លោកបន្តថា អាជ្ញាធរមិនអនុញ្ញាតិអោយប្រជាពលរដ្ឋ បោះទីតាំងសង់លំនៅដ្ឋានយ៉ាងអណាធិបតេយ្យបែបនេះទេ ព្រោះជាដីកម្មសិទ្ធរបស់ក្រសួងកិសកម្ម គឺត្រូវតែធ្វើការុះរើ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះលំនៅដ្ឋានដែលបានសាងសង់ជាយូរឆ្នាំមកហើយនោះលោកអនុញ្ញាតិរស់នៅបន្តទៀត ប៉ុន្តែមិនផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីទីនោះ គឺស្នាក់នៅបណ្តោះអាសន្នលើដីក្រុមហ៊ុន។
ឯអ្នកបោះតង់សង់លំនៅដ្ឋានថ្មីៗ ត្រូវតែរុះរើចេញ ហើយស្រង់ស្ថិតិរកឯកសារស្នាក់នៅច្បាស់លាស់ បញ្ជាក់ភូមិឃុំ ផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគាត់បន្ទាប់ពីបោះឆ្នោតរួច។ ការជូនដំណឹងរុះរើលំនៅដ្ឋានសង់លើផ្ទៃដីកម្មសិទ្ធិរបស់ក្រសួងកសិកម្ម និងការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២០ ខែឧសភាព និងការទបស្កាត់ពីអាជ្ញាធរពុំមានបង្កអោយមានអំពើហិង្សាអ្វីនោះទេ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២១ ខែឧសភាព ឆ្នាំ២០១៤ នេះ មានវត្តមានលោក អេង ចំណាប់ ចៅក្រមសាលាដំបូងខេត្ត លោកស្នងការរ៉ាយ រ៉ៃ និងលោកជា ប៊ុនធឿន ស្នងការរង ការិយាល័យកណ្តាលសន្តិសុខ និងដំណាងក្រុមហ៊ុនហ្វិសហ្វរ៉ាប់ប៊ើលីមីធីត កងកម្លាំងរាជអាវុធហត្ថ ប្រជាការពាររាប់រយនាក់ បានចុះធ្វើការរុះរើលំនៅដ្ឋានសង់ខ្ទមអនាធិបតេយ្យ។
–>
–>