ខេត្តកំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីព្រះបរមរាជវាំង,អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម គុយសុផល ទេសរដ្ឋមន្ត្រី ,លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ,ឯកឧត្តម ហេង ពិទូ អភិ បាលរងខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូព្រះបរមរាជវាំង,ថ្នាក់នាំមន្ទីរអង្គភាពជុំវិញខេត្តបាននាំយកទឹកបរិសុទ្ធចែកជូនប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិព្រៃគ្រីជើង និងព្រៃគ្រីត្បូង សរុបចំនួន១.៨១៩គ្រួសារ នាព្រឹកថៃ្ងទី២៨ ខែមេសា ឆ្នាំ២០១៦ នៅបរិវេណសាលាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្នុងពេលដែរប្រជាពលរដ្ឋកំពុងខ្វះខាតទឹកប្រើប្រាស់។
លោក យិន សាវ៉េន អភិបាលស្រុកជលគីរីបានអានរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់ថា៖ឃុំព្រៃគ្រីមានប្រជាពលរដ្ឋសរុប ចំនួន២.១៥១គ្រួសារ ស្មើនិង១០.០៩៨នាក់ស្រី៥.១២៣នាក់ ហើយក្នុងឃុំ
ព្រៃគ្រីមានស្រះទឹកចំនួន១២ រីងស្ងួតអស់ចំនួន៩ស្រះ។ លោកបានបន្តថាៈប្រជាពលរដ្ឋដែលបានមកទទួលទឹកពីសម្តេចចៅហ្វាវាំង គង់ សំអុល នៅថៃ្ងនេះមានចំនួន១.៨១៩គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានទឹកបរិសុទ្ធ១ធុងស្មើនិង២០លីត្រ។
នៅក្នុងឱកាសនោះសម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងជាពិសេសចាស់ជរាគ្មានទីពឹង,ស្ត្រីមេម៉ាយ,ជនពិការនិងកុមារកំព្រាគ្មានទីពឹងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
សម្តេចចៅហ្វាវាំងមានប្រសាសន៍បន្តថា៖ ទោះបីការចែកទឹកជូនប្រជាពលរដ្ឋនៅថៃ្ងនេះមិនគ្រប់តាមតម្រូវការប្រើប្រាស់ពិតមែនតែវាអាចជួយដោះស្រាយការប្រើប្រាស់របស់បងប្អូនបានមួយគ្រាសំរាប់បរិភោគផងដែរ។សម្តេចក៏បានសន្យាថា៖រយៈពេលមួយសប្តាហ៍ទៀតសម្តេចនិងអោយរថយន្តដឹកទឹកមកចែកជូនបងប្អូនបន្តទៀត ហើយសម្តេចបានសំណូមពរដល់ប្រជាពលរដ្ឋដែលបានមកទទួលទឹកនៅថៃ្ងនេះសូមរក្សាធុងទឹកអោយបានល្អទុកសំរាប់ដាក់ទឹកប្រើប្រាស់បន្តទៀត។
សម្តេចក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព ព្រោះរដូវនេះជារដូវក្តៅត្រូវរស់នៅស្អាតហូបស្អាតផឹកស្អាតទើបយើងអាចជៀសផុតពីជំងឺឆ្លងផ្សេងៗកើតឡើង។ សម្តេចក៏បានជំរុញដល់អាជ្ញាធរដែនដី និងក្រុមការងារចុះស្រុកជលគីរី ត្រូវស្វែងរកប្រភពទឹក និងទឹកដើម្បីអោយប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថៃ្ង ដោយអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន គឺមិនត្រូវអោយប្រជាពលរដ្ឋណាម្នាក់ខ្វះទឹកប្រើប្រាស់ឡើយ៕