កណ្តាលៈ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី ឯម រដ្ឋា ស្នងការរងនគរបាលខេត្តកណ្តាល តំណាងអោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះចេញទៅដឹកទឹកស្អាតចំនួន៦ស៊ីទែនរថយន្តទៅចែកជូនប្រជាពលរដ្ឋ១៩៩គ្រួសារ រស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ដែលកំពុងជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ។នេះជាលើកទី២ដែលកាលពីថ្ងៃទី២៧ខែមិនាឆ្នាំ២០១៦ប្រជាពលរដ្ខនៅតំបន់នេះចំនួន១៩គ្រូសារបានទឹកស្អាតហូបដោយកំលាំនគរបាលខេត្តដឹកយកមកចែកជូន។
លោកឧត្តមសេនីយ៍ត្រី ឯម រដ្ឋា ស្នងការរងទទួលការងារអាវុធជាតិផ្ទុះអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថាប្រជាពលរដ្ឋរស់នៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង នៅតែបន្តជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរួចមក លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យរូបលោកដឹកនាំកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដឹកទឹកស្អាតចំនួន០៦ស៊ីទែនរថយន្ត ចុះចែកជូនប្រជាពលរដ្ឋចំនួន១៩៩គ្រួសារដល់ខ្នងផ្ទះនីមួយៗ ដោយបូមដាក់ធុង និងពាងទុកឲ្យពួកគាត់ប្រើប្រាស់ ។ លោកស្នងការរងបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកទឹកចំនួន០២ស៊ីទែនរថយន្តយកមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ម្តងរួចមកហើយ ។
ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់បានសម្តែងក្តីសប្បាយរីករាយពេលដែលឃើញវត្តមាននគរបាលខេត្តកណ្តាល ដឹកជញ្ជូនទឹកស្អាតជូនពួកគាត់ប្រើប្រាស់ដល់ខ្នងផ្ទះខណៈដែលពួកគាត់កំពុងជួបញ្ហាខ្វះទឹកប្រើប្រាស់ជាចាំបាច់ ។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដែលបានចាត់កងកម្លាំង នាំយកទឹកស្អាតមកចែកជូនពួកគាត់នៅថ្ងៃនេះ ។
សូមបញ្ជាក់ថាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមិនាឆ្នាំ២០១៦នេះការិយាល័យបង្កា ពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលខេត្តកណ្តាលបានបញ្ចេញរថយន្តដឹកទឹកស្អាតទីចែកជូនបងប្អូនប្រជាពលរដ្ឋដែលជូបកង្វះខាតទឹកប្រើប្រាស់បានចំនួន៣ស្រុកស្មើនិង៤លើកគឺមានស្រុកកណ្តាលស្ទឹងចំនួន២លើក(ភូមិឪឡឹកឃុំត្រពាំងវែង) ស្រុកមុខកំពូល១លើកនៅភូមិក្រងស្វាយឃុំស្វាយអំពារកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ចំនួន២១៤គ្រួសារនិងនៅស្រុកគៀនស្វាយ១លើកនៅថ្ង៊ទី២៨មេសានេះ។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងថាសកម្មភាពចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋនេះនិងបន្តចុះធ្វើជាបន្តបន្ទាប់ រហូតមានភ្លៀងធ្លាក់ ហើយប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ នគរបាលខេត្តកណ្តាលមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារការខ្វះទឹកប្រើប្រាស់នោះឡើយ ៕ ឆ ដា



































