តាកែវ ៖ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ចន្លោះពីម៉ោង ១៦និង២០នាទីដល់ម៉ោង ១៨និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ក្រោមការដឹកនាំបញ្ជារបស់លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះទៅបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀនមួយករណីនៅចំណុចភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង និងបានឃាត់ខ្លួនជនសង្ស័យជួញដូរចំនួន០៣នាក់។
បើសមត្ថកិច្ចដែលចុះទៅបង្ក្រាប់ករណីជួញដូរគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នោះមានឈ្មោះ ១-ឈ្មោះ ប៉ែត វិរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសមរខ្មែរ ឃុំពោធិរំចាក ស្រុកព្រៃកប្បាស ។
២-ឈ្មោះ គួយ ផាន់និត ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុក សំរោង ។
៣-ឈ្មោះ ឆោម ភា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិ-ឃុំជាមួយឈ្មោះ គួយ ផាន់និត ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន២២កញ្ចប់តូចនិង១កញ្ចប់ធំ អាវុធកែច្នៃ១ដើម ខ្សែក ២ខ្សែ កងដៃ១គូ ខ្សែដៃ១ ទូរស័ព្ទដៃ១គ្រឿង ម៉ូតូសេ១២៥ ១គ្រឿង និងសម្ភារៈសម្រាប់ជក់គ្រឿងញៀមួយចំនួនទៀតផងដែរ។ពេលនេះជនសង្ស័យទាំង០៣នាក់រួមនិងវត្ថុតាងព្រមទាំងសម្ភារៈមួយចំនួនត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ (វីរៈ)