ខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ កាលពីវេលាម៉ោង ១៧ និង០០នាទី នារសៀលថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ បានធ្វើឲ្យលំនៅដ្ឋានចំនួន ១៧២ខ្នងដួលរលំ និង របើកដំបូល ចំនួន៥ភូមិ ក្នុងឃុំស្រែណូយ និង ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានលោក ប៊ុន ថាប្ញទ្ធិ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលរងនៃគណៈអភិបាលខេត្ត និង លោកស្រី គួយ ណាលីន ឃឹម ប៊ុន សុង អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកាលពីចុងសប្តាហ៍ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅក្នុងបរិវេណទីវត្ត ស្រែណូយ ។
ក្នុងកិច្ចស្វាគមន៍របស់លោក នាក់ ណេរ៉ុន អភិបាលនៃគណៈអភិបាលស្រុកវ៉ារិន បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង ០០នាទី មានភ្លៀងធ្លាក់មួយមេធំ ដោយលាយឡំនឹងខ្យល់កន្ទ្រាក់ មកពីទឹសខាងកើត បានឆ្លងកាត់លើភូមិសាស្ត្រឃុំ ស្រែណូយ និង ឃុំវ៉ារិន បានធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន៥ភូមិ ដួលរលំនិងរបើកដំបូលក្នុងនោះក៏មានមណ្ឌលសុខភាពសាលារៀនសាលាឃុំ ព្រមទាំងធ្វើឲ្យមនុស្សរងរបួសចំនួន ៣នាក់ និង ខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ ។
តាមការបញ្ជាក់នូវសម្រងស្ថិតិនៃការរងគ្រោះ របស់សាខាកាកបាទក្រហមខេត្ត លោក ស៊ុំ សំអន នាយក ប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ស្ថានភាពរងគ្រោះដោយខ្យល់កន្ទ្រាក់ នារសៀលថ្ងៃទី២៨ ខែមេសា ២០១៦មកនេះ បានធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៥ភូមិ នៃឃុំស្រែណូយ និង ឃុំវ៉ារិន ស្រុកវ៉ារិន បាន ទទួលរងគ្រោះ ក្នុងនោះឃុំស្រែណូយ ចំនួន០៣ភូមិ រលំផ្ទះ ៦ខ្នង របើកដំបូល ១៥៧ខ្នង , ឃុំវ៉ារិន ចំនួន ០២ភូមិ រលំផ្ទះ ០៥ខ្នង របើកដំបូល ០៤ខ្នង ។ ម្យ៉ាងទៀតអំណោយដែលផ្តល់ជូនបងប្អូននាពេលនេះ ជាអំណោយរបស់ សម្តេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង បងប្អូនសប្បុរសជន ដោយគ្រួសារ រំលំផ្ទះ និង របើកដំបូលក្នុង ០១គ្រួសារ ទទួលបាន មុង១ , ភួយ១ , សារុង១, ក្រមា ១ , កន្ទេល១ , ចាន៥ , ឆ្នាំង១ , ស្លាបព្រា ៥ , មី ១កេស ,ពងមាន់ ៣០ពង ,អង្គរ ២៥គក្រ ។ បន្ថែមលើនោះដែរអ្នករលំផ្ទះមួយគ្រួសារ ទទួល បានតង់០១ . និង ធុងទឹក ១គូរ ក្នុងនោះឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង និង លោកជំទាវ បានឧបត្ថម្ភដល់អ្នករលំផ្ទះ មួយគ្រួសារ ៥សែនរៀល និង គ្រួសាររបើកដំបូល ៥០ពាន់រៀលផងដែរ ។
មានប្រសាសន៍សំណេះសំណាលនោះដែរក្នុងនាមលោកបណ្ឌិតឃឹមប៊ុនសុង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត និង ជាអភិបាលខេត្ត លោក ប៊ុន ថាប្ញទ្ធិ ក៏បានសំដែងនូវការសោកស្តាយអាណិតអាសូរចំពោះបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ នឹកស្មានមិនដល់នៃការវិនាសកម្មដែលធ្វើឲ្យបាត់បង់ខូចខាតផ្ទះសម្បែងរបស់បងប្អូន ដែលបានខិតខំកសាងនូវជីវភាពរបស់ខ្លួនដើម្បីមានទីជម្រងរស់នៅសមរម្យ ប្រកប ដោយសុភមង្គល តែនេះជាអកុសលនៃបាតុភូធម្មជាតិ ដែលជាប្រធានស័ក្តមួយ ដែលយើងមិនអាចគេចជៀសផុតបានឡើយ ។ ឯកឧត្តមក៏បានលើកឡើង ពីការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក បានកំពុងធ្វើឲ្យភពផែនដីយើង ទទួលរងដោយគ្រោះធម្មជាតិមិនថានៅប្រទេសកម្ពុជាឡើយ នៅតាមបណ្តាប្រទេសមួយចំនួនក៏ជួបនូវគ្រោះធម្មជាតិនេះផងដែរ។ ដោយបញ្ហាបម្រែបម្រួលអាកាសធាតុនេះហើយ បានធ្វើឲ្យកំណើនកំដៅនៃភពផែន ដី មានការកើនឡើង ហើយបានធ្វើឲ្យតំបន់ខេត្តមួយចំនួនខ្វះខាតនូវទឹកប្រើប្រាស់ សំខាន់បណ្តាក្រុង ស្រុក ឃុំសង្កាត់ នៃខេត្តសៀមរាប ក៏បានជួបនូវបញ្ហាកង្វះខាតទឹកប្រើប្រាស់ ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល បានបើក ប្រកាសនូវយុទ្ធនាការ ក្នុងការផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹក ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយឥតទឹកប្រើប្រាស់ឡើយ។លោកប៊ុនថាប្ញទ្ធិ ក៏បានធ្វើណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅពេលដែលអាកាសធាតុមានការប្រែប្រួលនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមុខនូវគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ផ្គរ រន្ទះ បញ្ហាសុខភាព អនាម័យក្នុងការរស់នៅក្នុងក្រុមគ្រួសារ សំខាន់កុមារតូចៗ ដែលងាយរងទទួលនូវជម្ងឺផ្សេងៗ កើតឡើង ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូន ជនរងគ្រោះទាំងអស់ ត្រូវធ្វើការជួសជុលលំនៅដ្ឋានរបស់ខ្លួនឡើង វិញ ដើម្បីឲ្យរស់នៅបានសមរម្យ ព្រមទាំងត្រូវត្រៀមលក្ខណៈនូវឧបករណ៍សម្ភារៈកសិកម្ម ក្នុងការងារបង្កបង្កើនផល ដោយរដូវវស្សាបានចូលមកដល់ហើយ ។ ម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ខ្ពស់អំពីការគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ក្នុងពេលបើកបរយានយន្តគ្រប់ប្រភេទ ត្រូវពាក់មួកសុវត្ថិភាព និង ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងពេលបើកបរ គ្មានជាតិស្រវឹង ក្នុងការចូលរួមការត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ៕