បន្ទាយមានជ័យ : ជាបន្តបន្ទាប់នៃការនាំទឹកចែកជូនប្រជាពលរដ្ឋ តាមតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងជួបបញ្ហាកង្វះទឹកប្រើប្រាស់ ប្រជាពលរដ្ឋសង្កាត់កោះពងសត្វដែលជួបបញ្ហាខ្វះទឹកនិងទទួលបានទឹកប្រើប្រាស់បានសម្តែងការត្រេអរ និងអំណរគុណយ៉ាងក្រៃលេង ចំពោះអាជ្ញាធរខេត្តដែលបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះចែកទឹកជូនប្រជាពលរដ្ឋតាមអនុសាសន៍សម្តេច តេជោ ហ៊ុន សែន និងការចាត់តាំងរបស់លោកអភិបាលខេត្តបានអោយដឹងថា នៅរដូវប្រាំងនេះ ខេត្តបន្ទាយមានជ័យមានស្រុកក្រុង ចំនួន៦ ដែលកំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់ រួមមាន ស្រុកអូរជ្រៅ ស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ក្រុងប៉ោយប៉ែត និងតំបន់មួយចំនួនក្នុងក្រុងសិរីសោភ័ណ ។ លោកបន្តថា ស្របគ្នានេះ ខេត្តបន្ទាយមានជ័យ ក៏ទទួលបានរថយន្តជំនួយពីក្រសួងការពារជាតិចំនួន២០គ្រឿង ដើម្បីបំពាក់ស៊ីទែនទឹក និងដឹកទឹកចែកជូនពលរដ្ឋ តាមបណ្តាស្រុកក្រុងទាំង៦ ដែលកំពុងជួបបញ្ហាកង្វះទឹកប្រើប្រាស់នេះ ហើយក្នុងនោះក្រុងសិរីសោភ័ណក៏ទទួលបានរថយន្ត២គ្រឿងសម្រាប់ដឹកទឹកជូនពលរដ្ឋផងដែរ ។
ឯកឧត្តម លី សារី បន្តទៀតថា ការនាំទឹកចែកជូនប្រជាពលរដ្ឋនៅសង្កាត់កោះពង់សត្វនិងសង្កាត់ផ្សេងរបស់ក្រុងសិរីសោភ័ណនេះ នឹងបន្តធ្វើរហូតទាល់តែមានភ្លៀងធ្លាក់ជោគជាំ ប្រជាពលរដ្ឋអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ទើបបជ្ឈប់។