ស្ទឹងត្រែង៖ដោយសារស្ថានភាពក្តៅហួតហែងធ្វើឱ្យទឹកអូរ បឹង អណ្ទូងត្រពាំងត្រូវរីងហួតអស់គ្មានទឹកប្រើប្រាស់ នៅថ្ងៃទី១ឧសភាឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅតែបន្តនាំយកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារនៅភូមិអន្លង់ក្រមួន ក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៏ត្រី អៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៏ថា៖ឆ្នាំនេះអាកាសធាតុក្តៅហួតហែង បង្កឲ្យមានគ្រោះរាំងស្ងួតធ្វើឲ្យទឹកអូរត្រពាំង បឹងបួរ អណ្តូងរីងខះប៉ះពាល់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋជួបបញ្ហាប្រឈមទៅនឹងខ្វះទឹកប្រើប្រាស់។
លោកមេបញ្ជាការបញ្ជាក់ថា៖ករណីនេះត្រូវបានប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឯកឧត្តមនាយឧត្តមសេនីយ៏សៅសុខាបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកងរាជអាវុធហត្ថក្រៅពីការងារការពារសន្តិសុខ ត្រួវចំពេញកាតព្វកិច្ចចុះជួយប្រជាពលរដ្ឋ។
លោកមេបញ្ជាការបញ្ជាក់យន្តការដោះស្រាយនេះកំលាំងកងរាជអាវុធហត្ថបាននាំយកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋដល់មូលដ្ឋាននិងគ្រួសារនិមួយៗដើម្បីលើកកំពស់សុខភាពរស់នៅ ។លោកគោគ.សំអីប្រជាពលរដ្ឋនៅភូមិអន្លង់ក្រមួនបានបញ្ជាក់ថា៖ប្រជាពលរដ្ឋសប្បាយរីករាយបានឃើញកងកំលាំងកងរាជអាវុធហត្ថ សស្រាក់សស្រាំ មកជួយទោះបីត្រូវ ចំណាយកំលាំងសម្ភារៈឬ ឆ្ងាយយ៉ាងណាក៏ដោយ គឺពិតជាបានមកជួយ អន្តរាគមន៏រំលែកទុកលំបាក របស់ប្រជាពលរដ្ឋដល់មូលដ្ឋាន ។
លោកបញ្ជាក់ថា៖ប្រជាពលរដ្ឋជួបបញ្ហាខ្វះខាត់ទឹកប្រើប្រាស់ទឹកជាងមួយសប្តាហ៍ហើយ ដោយធាតុអាកាសឡើងកំដៅខុសពីធម្មតា ធ្វើឲ្យ ទឹក បឹង អូរទឹកអណ្តូងស្នប់មួយចំនួនត្រូវរីស្ងួតហើយតំណាងឲ្យ ប្រជាពលរដ្ឋលោកសូម សំដែងការសាទរចំពោះការគិតគូររបស់កងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំពាក់ពន្ធ័ ដែលបានយកចិត្តទុកដាក់ ចុះមកដល់មូលដ្ឋានគិតគូរដោះស្រាយបញ្ហាជួយផ្គត់ផ្គង់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយនិងការជួបជុំគ្នាលោកឧត្តមសេនីយ៏ត្រី អៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានសំណូមពរឲ្យប្រជាពលរដ្ឋ លើកកំពស់ការប្រុងប្រយ័ត្នចំពោះសុខភាពរស់នៅ។
លោកថាបើកើតមាន បញ្ហាជំងឺរាតត្បាតគឺនាំគ្នាទៅមណ្ឌលសុខភាពឬ ការកង្វះចំណីអាហារដោយប្រការណាមួយត្រួវរាយការណ៏ជូនអាជ្ញាធរ ដែលមាននៅជិតបំផុតក្នុងភូមិរបស់យើង។
សូមបញ្ជាក់ថា៖នេះជាលើកទី៣ហើយដែលកំលាំងកងរាជអាវុធហត្ថបានយកទឹកស្អាតចែកជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងឃុំស្រែឬស្សី កំពុងប្រឈមទៅ និងការខ្វះទឹកប្រើប្រាស់៕