ក្រចេះ៖ព្រះសង្ឃនិងពុទ្ធបរិស័ទអ្នកកាន់ពុទ្ធព្រះពុទ្ធសាសនាបានបង្កើតវគ្គអប់រំសីលធម៌ដល់សិស្សានុសិស្សនៃវិទ្យាល័យព្រះមហាក្សត្រយានី កុសុមៈចំនួនជាង ១ពាន់អ្នក ក្នុងគោលបំណងដើម្បីឱ្យ យុវវ័យយល់ដឹងអំពីទម្លាមទម្លាប់ប្រពៃណី វប្បធម៌ សីសធម៍ ដ៏ផូរផង់របស់ខ្មែរ និងការលំហូរចូលនៃវប្បធម៌ខាងក្រៅ សម្រាប់ថ្ងៃទី ១៤ កុម្ភៈនេះដោយមានការចូលរួមពីសំណាក់ លោក ស្រី ប៊ន សុភី អភិបាលរងខេត្តក្រចេះ និងមន្ទីពាក់ព័ន្ធនានានៅជំវិញខេត្តផងដែរ នៅរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅវត្តប៉ាឆា ក្រុងក្រចេះ ខេត្តក្រចេះ។
នៅក្នុងអង្គពីធីដ៏មានអត្ថន័យនោះលោក នូ ចាន់តារា ប្រធានមន្ទីធម្មការ និងសាសនាខេត្តក្រចេះបានមានប្រសាសន៍ឱ្យដឹងថានៅក្នុងខេត្តក្រចេះទាំងមូលនេះមានវត្តចំនួន ១៣៤វត្តនិងមានការរីកចំរើនយ៉ាងខ្លាំងដោយញាត្តិញោមមានសទ្ធាជ្រះថ្លាក្នុងការចូលរួមកសាង និងបដិបត្តិតាមឱវាតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង។
លោក ប្រធានមន្ទីធម្មការ និងសាសនាបានបន្តឱ្យដឹងទៀតថា ព្រះពុទ្ធសាសនាដើរតួរយ៉ាងសំខាន់សម្រាប់អប់រំដល់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋអ្នកដែលកាន់ព្រះពុទ្ធសសនាដែលមានព្រះសង្ឃជាអ្នកទ្រទ្រង់ និងអប់រំ។ នៅក្នុងកម្មវិធីខាងលើនោះផងដែរ លោក ស្រី ប៊នសុភី អភិបាលរងខេត្តក្រចេះបានលើកឡើងថានេះគឺជាឧត្តមគតិមួយដែលព្រះសង្ឃបានបង្កើតឡើងក្នុងគោលបំណងដើម្បីបញ្ចៀបទៅដល់យុវវ័យដែលកំពុងតែភ្លេចខ្លួននិងភ្លើតភ្លើនភ្លេចវប្បធម៌និងប្រពៃណីនិងសីសធម៌របស់ខ្លួន។
លោក ស្រី បានបន្តរឱ្យដឹងទៀតថា សម្រាប់ខេត្តក្រចេះយើងនេះគឺជាលើកទីមួយហើយដែលព្រះសង្ឃបានបង្កើតកម្មវិធីដ៏មានអត្ថន័យ និងអប់រំដល់យុវវ័យនាពេលបច្ចុប្បន្ននេះឱ្យមានការយល់ឱ្យកាន់តែច្បាស់អំពីតម្លៃរបស់ប្រពៃណីខ្មែរ។
នៅក្នុងកម្មវិធីដែលបង្កើតឡើងដោយព្រះសង្ឃនាឱកាសនោះ ព្រះតេជគុណ ធឹង ច័ន្ត្រា ព្រះគ្រូចៅអធិការវត្តប៉ាឆា និងជាប្រធាននាទីយល់ដឹងព្រះពុទ្ធសាសនា និងសង្គមន៍នៅក្នុងប៉ុស្តិ៍វិទ្យុ១០៣:៥ខេត្តក្រចេះបានមានសង្ឃដីការថាដោយព្រះសង្ឃមានគោលបំណងដើម្បីផ្សព្វផ្សាយទៅដល់យុវវ័យដែលតែងទទួលលំហូរអារិយៈនិងវប្បធម៌ប្រពៃណៃខាងក្រៅមកដាក់ខ្លួននិងយកទៅប្រព្រឹត្តក្នុងផ្លូវខុសដែលនាំឱ្យមានភាពវឹកវរនិងជះឥទ្ធិពលអាក្រក់ដល់សង្គមជាក់ស្តែងដូចជា(ទិវានៃក្តីស្រលាញ់)ឬ(Valentine day)ដែលទិវានេះមិនមែនជា វប្បធម៌ អារិយៈធម៌របស់ខ្មែរនោះទេ។
ព្រះតេជគុណមានសង្ឃដីការបន្តទៀតថាអ្វីដែលសំខាន់បំផុតគឺចង់ឱ្យយុវវ័យនឹងប្រជាពលរដ្ឋខ្មែរទាំងអស់គប្បីគោរព និងកាន់ប្រពៃណី អរិយៈធម៌របស់ខ្មែរ មិនគួរយក អារិយៈធម៌ខាងក្រៅមកដាក់ខ្លួនឡើយ ព្រោះទិវាខាងលើគឺគេធ្វើដើម្បីឧទ្ទិសទៅដល់សាសនា និង វិរៈបុរសរបស់គេប៉ុណ្ណោះ ។
ប៉ុន្តែយុវវ័យនៅក្នុងប្រទេសកម្ពុជាមួយចំនួនបែរជាគឹតខុសដោយឱ្យនិយមន័យថា(បុណ្សសង្សារទៅវិញ)ដែលកត្តានេះហើយដែលធ្វើឱ្យយុវជនយុវនារីមួយចំនួនបានប្រព្រឹត្តខុសនិងប្រពៃរបស់ខ្មែរ។ គួរបញ្ជាក់ផងដែរថានេះជាលើកទីមួយហើយដែលខេត្តក្រចេះទាំងមូលបានបង្កើតកម្មវិធីនេះឡើងនិងធ្វើឱ្យប្រជាពលរដ្ឋ និង យុវវ័យនៅក្នុងខេត្តក្រចេះបានទទួលការយល់ដឹងកាន់តែច្បាស់រវៀង វប្បធម៌ ប្រពៃណីខ្មែរ និងការលំហូរចូលនៃវប្បធម៌បរទេស។