​ប្រជាពលរដ្ឋ​រិះគន់ថា ចំណាត់ការ​របស់​អាជ្ញា​ធរ​ខេត្ត​ ​ចំពោះ​ឈ្មួញ​លួច​ឈូស​យក​ដីព្រៃ​របស់​រដ្ឋ​នៅ​ភូមិ​ក្តុល​មានការ​យឺតយ៉ាវ​

0

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស មាននប្រតិកម្មលើកឡើងថា ចំណាត់ការរបស់អាជ្ញាធរខេត្ត រឿងឈ្មួញឈ្មោះ ម៉ៅ វឿន ជាអ្នកចាប់ដីព្រៃរដ្ឋឈូសឆាយទន្ទ្រានយកលក់អោយគេតាមទំនើងចិត្ត និងបក្ខពួកនោះ មកដល់ពេលនេះ ជាង១ខែហើយ មិនទាន់ឃើញមានចំណាត់ការបែបណាពីអាជ្ញាធរខេត្តនៅឡើយ ដែលករណីនេះប្រជាពលរដ្ឋចោទថា អ្នកមានលុយគេចំណាត់ការមិនកើតទេ តែបើអ្នកស្រែចំការតូចតាចវិញប្រហែលជាត្រូវចាប់ឃុំខ្លួនបាត់ហើយ។
អ្នកស្រុកភូមិក្តុលបានបន្តថា៖ ឈ្មោះ ម៉ៅ វឿន ជាអ្នកមានគ្រឿងចក្រឈូសឆាយដី និងបក្ខពួកបានទន្ទ្រានចាប់យកដីព្រៃរដ្ឋជាច្រើនហិកតានៅក្នុងភូមិក្តុល ឃុំក្រាំងស្គារ និងឈូសឆាយបំផ្លាញដីព្រៃយកដីលក់បន្តអោយឈ្មួញផ្សេងៗទៀត ករណីនេះអាជ្ញាធរខេត្តបានបង្កើតក្រុមការងារចំរុះមួយចុះស្រាវជ្រាវជាង១ខែហើយ ប៉ុន្តែមិនទាន់ឃើញចាត់ការឈ្មួ្ញកំហូចនោះឡើយ។ ប្រជាពលរដ្ឋនៅក្នុងភូមិក្តុលកំពុងរង់ចាំមើលចំណាត់ការរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថាតើហ៊ានចាត់ការតាមនីតិវិធីទៅលើជនបំផ្លាញព្រៃឈើទាំងនោះដែរឬទេ។
ទាក់ទងនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋខាងលើនេះ នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបញ្ជាក់ថា៖ ក្នុងករណីឈ្មួញឈូសឆាយដីព្រៃរបស់រដ្ឋនៅក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស មកដល់ពេលនេះ ក្រុមការងារចំរុះថ្នាក់ខេតចុះទៅស្រាវជ្រាវនោះបានបញ្ចប់ហើយ រង់ចាំតែការកោះប្រជុំបំភ្លឺពីជំនាញនិមួយៗពាក់ព័ន្ធនឹងរឿងនេះជាមួយលោកប៉ុណ្ណោះ។5 7 2 4 8
ដោយឡែកការយឺតយ៉ាវក្នុងការចំណាត់ការក្នុងរឿងនេះ ដោយសារតែក្នុងខែមេសា និងឧសភានេះ ខេត្តយើងជួបគ្រោះប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ ដូចនេះគ្រប់មន្ត្រីរបស់អាជ្ញាធរខេត្តទាំងអស់ត្រូវចុះជួយប្រជាពលរដ្ឋសិន។ នៅពេលការងារជួយផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់ហើយនោះ លោកនឹងកោះហៅមន្ត្រីជំនាញពាក់ព័ន្ធមកបំភ្លឺ និងចំណាត់ការតាមផ្លូវច្បាប់ គឺមិនអោយជនណាម្នាក់ដែលបំផ្លាញព្រៃឈើរបស់រដ្ឋ បែរជារួចខ្លួននោះបានឡើយ។
គួរបញ្ជាក់ថា រឿងឈ្មោះ ម៉ៅ វឿន ជាឈ្មួញគក់ជេរដី និងបក្ខពួកបានយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយដីព្រៃរបស់រដ្ឋ នៅក្បែរតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងភូមិក្តុល ឃុំក្រាំងស្គារ អស់រាប់រយហិកតា បន្ទាប់មកប្រជាពលរដ្ឋនៅក្នុងភូមិក្តុលបាននាំគ្នាប្តឹងពីឈ្មោះនេះ និងបក្ខពួក បើគិតមកដល់ពេលនេះមានរយៈពេលជាង១ខែហើយ តែរឿងនេះបែរជាស្ងាត់ឈឹងទៅវិញ៕