កំពង់ធំៈ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ស្រែក្រសាំង ឃុំពពក ស្រុកស្ទោង រាប់ពាន់គ្រួសារ កំពុងតែជួបនូវវិបិត្តយ៉ាងធ្ងន់ ធ្ងរ ដោយសារតែឈានចូលដល់រដូវប្រាំង បូកផ្សំនិងអាកាសធាតុក្តៅខ្លាំង បង្ករឲ្យប្រជាពលរដ្ឋក្នុងឃុំពពក មួយចំនួនធំជួបនូវការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ទើបនៅព្រឹកថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម លោកឧញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានមូលនិធិជនពិការ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយឃុំពពក អមដំណើតដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា មេបញ្ជាការងកងទ័ពជើងគោក អនុប្រធានអចិន្ត្រៃស្នាក់ការកណ្តាល ចុះជួយខេត្តព្រះវិហារ បាននាំយកទឹកស្អាតមកចែកជូនបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអគុណចំពោះសម្បុរសជន ទាំងអស់ដែលបានជួយដល់ ប្រជាពលរដ្ឋក្នុងឃុំពពកនេះ ជាពិសេសឯកឧត្តម ឧញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ព្រមទាំងគណៈប្រតិភូ បានចុះមកជួយជីកស្រះ និងជីកអណ្តូង ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយអាជ្ញាធរថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋដែលកំពុងតែប្រឈមនិងខ្វះខាតទឹកប្រើប្រាស់ ។
ឯកឧត្តម គង់ វិមាន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានក្រុមការងារចុះជួយឃុំពពក ជួយដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការជីក ស្រះ និងស្តារអណ្តូងទឹក ខណៈពេលនេះក្រុមការងារបានសម្រេចបានលទ្ធផលជូនប្រជាពលរដ្ឋ រួមមាន សាងសង់អណ្តូងស្នប់ខ្នាតធំ ១កន្លែង៨០០ដុល្លា អណ្តូងលូ ១កន្លែង ៣០០ដុល្លា ស្តារអណ្តូងលូចាស់២កន្លែង៥,០០,០០០រៀល ជីកស្រះទឹកថ្មីទំហំ ១០គុណ១០ ជម្រៅ៤ម១,៦០០,០០០រៀល ស្តារស្រះទឹកចាស់២កន្លែង៣,៨០០,០០០រៀលសរុបថវិកាអស់ ១១០០ដុល្លា និងប្រាក់រៀលអស់៥,៩០០,០០០រៀល ដែលបាន សាងសង់រួច ហើយមានផែនការសាងសង់បន្តមាន សាងសង់អណ្តូងស្នប់ខ្នាតធំ ១ សាងសង់អណ្តូងស្នប់ទឹក ខ្នាតតូចមាន៣ អណ្តូងលូ២ និងស្តាអណ្តូងចាស់២ និងបន្តជីកស្រះចំនួន៣កន្លែងទៀត ។
ឯកឧត្តម ឧញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ ដែលមានជីវភាពខ្វះខាត ហើយថែមទាំងជួបនូវគ្រោះធម្មជាតិ ក្នុងនោះបាន ឆ្លើយតបតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ក្នុងការជីកស្រះជូន និងសាងសង់អណ្តូងទឹកជាចុងក្រោយឯក ឧត្តម បានជូនសារ៉ុងម្នាក់មួយដល់ប្រជាពលរដ្ឋមួយនាក់ រួមទាំងថវិកាចំនួន១ម៉ឺនរៀលផងដែរ ។
ដោយ ប៊ុន រដ្ឋា




































