រ​ជាល​ដ្ឋ​រិះគន់​មន្ទី​សាធារណការ​រាជធានី​ថា ទឹក​លិច​ផ្ទះ​ល​រដ្ឋ និង​ផ្លូវ​យ៉ាងយូរ មិន​អើពើ​សោះ ដល់​គេ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទើប​មាន​មន្ត្រី​មក​មើល​

0

ភ្នំពេញ៖ ប្រជាពលរដ្ឋបានផ្អើលនាំគ្នារិះគន់មន្ត្រីមន្ទីសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ថាមិនបានយកចិត្តទុកដាក់ចំពោះការរៀបចំ និងតភ្ជាប់ប្រព័ន្ធលូបង្ហូទឹកនៅលើកំណាត់ផ្លូវ ៣៣៦ម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលបណ្តាលឱ្យមានការលិចលង់ផ្លូវ និងផ្ទះប្រជាពលរដ្ឋយ៉ាងយូរ។ ការរិះគន់ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងតាមវិទ្យុទាន់ហេតុការណ៍ក្នុងស្រុកមួយ យ៉ាងផុសផុល ដោយពួកគាត់បានសំដែងការខកចិត្ត ចំពោះការប្រងើយកន្តើយក្នុងការអនុវត្តការងារដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ពីសំណាក់មន្ត្រីមន្ទីសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានថ្លែងថា មូលហេតុដែលបណ្ដាលអោយស្ទះលូបង្ហូទឹក លិចផ្លូវ ៣៣៦ សង្កាត់ផ្សារដើមគរ នេះដោយសារតែប្រពន្ធ័លូតូច មិនបានតភ្ជាប់ជាមួយប្រពន្ធ័លូធំ ដូចឆ្នេះហើយទោះទឹកចង់ហូរក៏ហូរមិនកើតដែរ។ ប្រភពបន្តថា មន្ទីសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលូតូចៗពេក ដែលងាយនឹងកកស្ទះដោយសារ ដី និង សំរាម។

ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ គេឃើញមានក្រុមមន្ត្រីសាលាខណ្ឌទួលគោកដែលដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌបានចុះទៅជួយកាយដី និងបង្ហូទឹកចូលលូដែរប៉ុន្តែមិនអាចដោះស្រាយបញ្ហានេះបានល្អនោះទេ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានថ្លងថា មន្ត្រីលោកគឺចុះមកនេះដើម្បីជួយសម្រួលការហូរទឹកបានតែមួយរយៈប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយការងារនេះបានជោគជ័យទេព្រោះការងារនេះ វាពាក់ព័ន្ធនឹងប្រព័ន្ធលូដែលជាការទទួលខុសត្រូវរបស់អ្នកជំនាញនៃមន្ទីសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។ លោកបន្តថា នៅរសៀលនេះក៏មានមន្ត្រីមន្ទីសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញមកពិនិត្យមើលបញ្ហានេះផងដែរ។

គួររំឮកថា នៅក្នុងពិធីសម្ភោធអគាររដ្ឋបាលថ្មីនៃសាលាររាជធានីភ្នំពេញនាពេលកន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រមានធ្ងន់ៗលើលោក សាំ ពិសិដ្ឋប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលធ្វើការងារមិនយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយពេលខ្លះធ្វើការងារមិនចេះគិតគូរ ដូចជាការបណ្តែតបណ្តោយឱ្យផ្លូវខូចតាំងពីក្រលុកតូចរហូតធំ ធ្វើផ្លូវរួចបានកាយផ្លូវដាក់លូ និងសាងសង់ផ្លូវយឺតយ៉ាវ ដែលនាំឱ្យមានការរិះគន់តវ៉ា និងសំដែងភាពមិនពេញចិត្តពីប្រជាពលរដ្ឋរឿងនេះស្ទើររៀងរាល់ថ្ងៃ៕

photo_2016-05-03_19-39-49 photo_2016-05-03_19-39-34