ភ្នំពេញ៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន និងផ្ទុកទំនិញលើសចំរុះ ខណះមកដល់ផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ដែលជាផ្លូវកោង ហើយមិនបន្ថយល្បឿននោះ បានបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជញ្ចាំងស្ពាន បណ្ដាលឲ្យក្រឡាប់ផ្អឿងជើងឡើងលើ រងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគឺរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ
2Q.4306 បានបើកបរតាមបណ្ដោយព្រះមុន្នីរ៉េត ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហើយបានបើកចូលផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ បំណងទៅជើង ខណះមកដល់ពាក់កណ្ដាលនៃផ្លូវក្រោមដី ដែលជាចំណុចកើតហេតុ ដោយមិនបន្ថយល្បឿន ក៏បួងចង្កូតមិនទាន់ជ្រុលទៅបុកជញ្ចាំងថ្មក្រោមស្ពាន បណ្ដាលឲ្យក្រឡាប់ផ្អឿងជើងឡើងលើ ។ ចំណែកឯទំនិញដែលនៅលើរថយន្តបង្កនោះ បានបែកថ្លាយទំនិញរាយពេញផ្លូវ រងការខូចខាត តែសំណាងល្អហើយតែមិនប៉ះពាល់គ្រោះថ្នាក់ដល់អ្នកដ៏ទៃ។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដបង្កនោះទៅរក្សាទុកនៅការិយាល័យចរារចណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយៈជីម ភារ៉ា