ភ្នំពេញ ៖ រថយន្តបង្កកាមេរីហាយប្រ៊ីដមួយគ្រឿងដោយម្ចាស់ទំនងជាស្រវឹងស្រាជោគជាំ បានបើករថយន្តក្នុងល្បឿនលឿនបួងចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតកាលពីវេលាម៉ៅង៣នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកាមេរីហាយប្រ៊ីដ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5946 ដោយម្ចាស់ទំនងជាស្រវឹងស្រាបានបើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ១៤៣ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបួងចង្កូតទៅឆ្វេង បំណងបត់ចូលផ្លូវលេខ២៧៨ ស្រាប់តែបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឱ្យរងការខូចខាត ចំណែកអ្នកបើករថយន្តបង្កគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តខ្ទេច១កំណាត់មុខ នៅនឹងកន្លែងកើតហេតុ ។
ក្រោយមកសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយនាពេលក្រោយ ៕ ដោយៈជីម ភារ៉ា