​បើក​វគ្គ​បណ្តុះបណ្តាល​នីតិវិធី​អនុវត្ត​ថវិកា​

0

ខេត្តសៀមរាប នៅសណ្ឋាគារអ៊ីមផ្រេសអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៦ មានបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកនូវបទពិសោធន៍ នៃការងារថវិកាកម្មវិធី និង លើកកម្ពស់ការយល់ដឹងរបស់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ នៃមន្ទីរ អង្គភាពជុំ វិញខេត្តសៀមរាប ឧត្តរមានជ័យ និង ខេត្តព្រះវិហារ សម្រាប់ចូលរួមអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ក្នុងដំណាក់កាលទី៣ សំខាន់សម្រាប់ការអនុវត្តសាសល្បងថវិកាកម្មវិធីពេញលេញ នៅក្នុងឆ្នាំ២០១៦ ឲ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពគ្រប់ជ្រុងជ្រោយ និង ប្រកបដោយសីលធម៌ វិជ្ជាជីវៈ ។DSC_0626 DSC_0630
ក្នុងកិច្ចស្វាគមន៍របស់លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ក្នុងគោល បំណង ដើម្បីបង្កើនគណនេយ្យភាព ហិរញ្ញវត្ថុ ប្រសិទ្ធភាព និង ភាពស័ក្តសិទ្ធិ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សាធា រណៈ ដែលនឹងធ្វើឲ្យរជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៃមន្ទីរ អង្គភាព មកពីបណ្តាខេត្តទាំងបី ឲ្យកាន់តែមានសមត្ថភាព និង យល់ច្បាស់ មានការទទួលខុសត្រូវខ្ពស់លើការប្រប្រាស់ និង គ្រប់គ្រងធនធានសាធារណៈ ។ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរក្នុងការកែទម្រង់រដ្ឋលើកការកំណែទម្រង់ហិរញ្ញវត្ថុ គឺជាយន្តការដែលកំពុងអនុវត្តនៅគ្រប់ថ្នាក់រដ្ឋបាល សំខាន់ថ្នាក់ក្រោមជាតិ សំដៅពង្រឹង ប្រសិទ្ធិភាព នៃការប្រើប្រាស់ថវិកាឲ្យចំគោលដៅ បំពេញតម្រូវការមូលដ្ឋាន និង សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិ ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនោះ ក្នុងនាមតំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកបណ្ឌិតហ៊ានសាហ៊ីបគូសបញ្ជាក់ថា ក្រសួងតែងផ្តល់ការយកចិត្តទុក ដាក់ខ្ពស់ លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្ត្រីរាជការ ដែលជាកត្តាគន្លឹះ ដើម្បីសម្រេចក្នុងការអនុវត្ត ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមបណ្ឌិត បន្តទៀតថា នៅឆ្នាំ២០១៥ កន្លងមក ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើនបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងវិធីសាស្ត្រនីតិវិធី គោលការណ៍ណែនាំសម្រាប់អនុវត្តថវិកាកម្មវិធី ជូនដល់មន្ត្រី រាជការជំនាញ ថ្នាក់ដឹកនាំរបស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ។ លោកបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ មានធ្វើវគ្គបណ្តុះបណ្តាល បានចំនួន៧វគ្គ ដែលបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់មន្ត្រីរាជការ ថ្នាក់ដឹកនាំជំំនាញ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធី ពេញលេញនៅឆ្នាំ២០១៦ មានសិក្ខាកាមចូលរួមសរុប ៨៣៨នាក់ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា គោលដៅ ចម្បងនៃកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើ ធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ព្រមទាំងធ្វើឲ្យថវិកាក្លាយទៅជា ឧបករណ៍គោលនយោបាយ ដ៏ពិតប្រាកដ ក្នុងការវិភាជន៍ និង ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង ភាព ស័ក្តិសិទ្ធិ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ សំណូមពរ និង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ។ លោកបណ្ឌិត ហ៊ាន សាហ៊ីបក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់គ្រូឧទ្ទេសនាម និង វាគ្មិនទាំងអស់ នៃវគ្គបណ្តុះបណ្តាល ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ បទពិសោធន៍ ឲ្យបានផុលផុស និង ស្វែងយល់ ចាប់យកចំណុចគន្លឹះល្អៗដើម្បីជាទុនសម្រាប់យកទៅអនុវត្តនៅតាមមន្ទីរអង្គភាព នៅតាមបណ្តាខេត្តរបស់ខ្លួនឲ្យបានជោគជ័យ ៕DSC_0629 DSC_0644