ខេត្តរតនគិរី៖ កម្លាំងវរការពារព្រំដែនគោកលេខ៦២៣ សហការជាមួយកម្លាំងនគរបាលស្រុកអូរយ៉ាដាវនៅវេលាម៉ោង១និង១០នាទីយប់ឈានចូលថ្ងៃទី០៥ ខែឧសភា បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ចូលដីខ្មែរដោយខុសច្បាប់។
មន្ត្រីនរគបាលស្រុកអូរយ៉ាដាវ បានបញ្ជក់ថា ជនជាតិវៀតណាមទាំង៤នាក់នោះទី១ឈ្មោះ តឹង ថាន់ឡុង ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំយ៉ាលើប ស្រុកអេស៊ីប ខេត្តដាឡាក់ ទី២ឈ្មោះ ហុង ថាញ់សាង ភេទប្រុស អាយុ៣១ឆ្នាំស្រុកកំណើត នៅឃុំយ៉ាលើប ស្រុកអេស៊ីប ខេត្តដាឡាក់ ទី៣ឈ្មោះ ង្វៀន តាំងហ្វី ភេទប្រុស អាយុ៣៤ឆ្នាំ ស្រុកកំណើតក្រុងគុយញើង និងទី៤ឈ្មោះង្វៀង ថាន់ទឿង ភេតប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើត នៅឃុំភឿកអាង ស្រុកទីភឿក ខេត្តបិនឌិន(ប្រទេសវៀតណាម)។
មន្ត្រីនគរបាលខាងលើ បន្តទៀតថាការឃាត់ខ្លួនជនជាតិវៀតណាមទាំង៤នាក់នេះខណៈដែលពួកគេកំពុងវង្វេងផ្លូវចូលដីខ្មែរដោយខុសច្បាប់ត្រង់ចំណុចព្រៃមាសស្ថិតក្នុងភូមិដរ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
បន្ទាប់ពីធ្វើការសាកសួររួចមក នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ ជនជាតិវៀតណាមទាំង៤នាក់ខាងលើដែលចូលមកដីខ្មែរខុសច្បាប់នេះត្រូវបានកម្លាំងនគរបាលការពារព្រំដែនលេខ៦២៣បញ្ជូនទៅប្រទេសវៀតណាមវិញហើយ។
ប្រភពព័ត៌មានផ្សេងទៀតប្រាប់ឲ្យដឹងថាជនជាតិវៀតណាមទាំង៤នាក់ខាងលើនេះចូលមកតំបន់ព្រៃមាសគោលបំណងជីករ៉ែមាសដោយខុសច្បាប់ ប៉ុន្តែប្រហែលមិនបានបង់លុយអោយកម្លាំងនគរបាលវរការពារព្រំដែន និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅទើបចាប់បញ្ជូនខ្លួនទៅប្រទេសវៀតណាមវិញយ៉ាងតក់ក្រហល់បែបនេះ៕ដោយ យក្ស ឡោម