ខេត្តព្រះវិហារ សត្វរមាំងមួយក្បាលសង្ស័យភ័យខ្លាចព្រានព្រៃហើយប្រឹងរត់គេចចេញពីព្រៃសប្បទានសេដ្ឋកិច្ចដាំអំពៅរបស់ក្រុមហ៊ុនចិនស្ថិតនៅភូមិឆែបកើតឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ឧសភា២០១៦ចូលទីរួមស្រុកឆែបដើម្បីអោយអ្នកភូមិជួយការពារជីវិតវាដើម្បីបានរស់រានបន្តទៀត។សេចក្តីរាយការណ៍បានអោយដឹងថាប្រជាពលរដ្ឋប្រមាណ១០០នាក់រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើឆែបនិងមន្ត្រីសង្កាត់រដ្ឋបាលប្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃប្រឹងព័ទ្ធចាប់វាបាននៅក្រោយសាលាស្រុកឆែបចម្ងាយប្រមាណ៤០០ម៉ែត្រប៉ុណ្ណោះ។
ប្រជាពលរដ្ឋរាយការណ៍អោយដឹងថាកាលពីនៅសម្បូរព្រៃឈើគ្មានសត្វព្រៃណាមួយរត់គេចចេញពីព្រៃមកអោយមនុស្សជួយនោះទេប៉ុន្តែមកដល់សម័យនេះព្រៃឈើដែលជាជម្រកដ៍សុខសាន្តរបស់វាត្រូវបានមនុស្សឈូសឆាយសម្អាតព្រៃឈើដើម្បីយកផ្ទៃដីវិនិយោគដាំអំពៅអស់រាប់ម៉ឺនហិកតាធ្វើអោយសត្វព្រៃទាំងអស់កំពុងខ្វះទីជម្រកជ្រកកោននិងឈានទៅផុតពូជអស់ថែមទៀត។
លោកវង្សវិសិដ្ឋនាយរងផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងនៅរសៀលថ្ងៃទី០៥ឧសភា២០១៦ថាសត្វរមាំងឈ្មោលមួយក្បាលនេះទម្ងន់ប្រមាណ៤០គីទ្បូក្រាម
វារត់ចេញពីដីព្រៃដាំអំពៅស្ថិតនៅភូមិឆែបកើតចូលក្នុងភូមិអោយមនុស្សជួយកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ឧសភា២០១៦។
ពេលអ្នកភូមិចាប់វាទុកយូរម៉ោងហើយដោះលែងវាវិញគឺវាមិនព្រមរត់ចូលព្រៃវិញទេសង្ស័យវាភ័យខ្លាចហើយប្រឹងរត់គេចពីមនុស្សដែលចង់សម្លាប់វា។លោកបន្តថាសត្វរមាំងដើរទៅណាតែងតែមានញីឈ្មោលហើយរមាំងញីសង្ស័យមនុស្សសម្លាប់វាបាត់ទៅហើយទើបអាឈ្មោលវារត់គេចចូលភូមិអោយមនុស្សជួយវា។រមាំងឈ្មោលខាងលើវាត្រូវរបួសគ្រាំខ្លួនងើបដើរមិនរួចទេនៅរសៀលថ្ងៃទី០៥ឧសភានេះ។
លោកថ្លែងថាមន្ត្រីរដ្ឋបាលព្រៃឈើឆែបនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានឯកភាពគ្នាសម្រេចប្រគល់បន្តរមាំងមួយក្បាលនេះទៅអោយម្ចាស់សួនសត្វភ្នំតាម៉ៅនៅខេត្តតាកែវដើម្បីជួយយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាវាអោយបានល្អ។ពេលនេះវាកំពុងត្រូវការពេទ្យសត្វជំនាញមកចាក់ថ្នាំព្យាបាលវាជាមុនសិនព្រោះមិនទាន់ងើបដើររួចនៅទ្បើយទេ៕