មណ្ឌលគិរី៖ មនុស្ស២០នាក់ត្រូវបានមន្ត្រីបរិស្ថានខេត្តមណ្ឌលគីរី ឃាត់ខ្លួននឹងដកហូតកាំភ្លើងឆ្នៃ០៦ដើម នៅពេលកំលាំងចុះល្បាត់នៅក្នុងដែនជំរកសត្វព្រៃភ្នំព្រេច កាលពីថ្ងៃទី០៤ខែឧសភា ឆ្នាំ២០១៦ ដែលប្រជាពលរដ្ឋទាំងនោះ រស់នៅខេត្តក្រចេះ បានចូលមកបម្រុងនឹងលួចកាប់ឈេីំ ដេីម្បីអារជ្រៀកជាជន្លង់ម្រេច យកទៅលក់ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដោះលែងទៅវិញស្ងាតដោយមិនបានបញ្ជូនមកមន្ទីរបរិស្ថានដើម្បីដោះស្រាយនោះទេ។
លោក ហាន សាខន ជាមន្ត្រីបរិស្ថានបានប្រាប់អោយដឹងថាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោកបានដឹកនាំក្រុមការងាររួមទាំងរូបលោកសរុបចំនួន០៩នាក់ បានចុះល្បាតបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច រហូតមកដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០១៦ បានប្រទះឃើញ ប្រជាពលរដ្ឋចំនួន២០នាក់នេះបម្រុង និងប្រព្រឹត្តបទល្មើស នៅក្នុងដែលជម្រកសត្វព្រៃភ្នំព្រេច ដែលលោកគ្រប់គ្រង ។ លោកក៏បានធ្វេីការឃាត់ត្រួតពិនិត្យ និងធ្វើការណែនាំ ព្រមទាំងធ្វើកិច្ចសន្យាអោយបញ្ឈប់ ការលួចចូលមកកាប់បំផ្លាញព្រៃឈេីក្នុងទឹកដី នៃខេត្តមណ្ឌលគិរី ។
បន្ទាប់មកលោកក៍បានដោះលែងអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយយោងតាមភស្តុតាងជាក់ស្តែងប្រជាពលរដ្ឋទាំង២០នាក់នេះ មិនទាន់បានកាប់បំផ្លាញព្រៃឈេីនៅឡេីយទេ គ្រាន់តែមានវត្តមាននៅក្នុងព្រៃហាមឃាត់តែប៉ុណ្ណោះ។ ចំណែកសំភារៈមួយចំនួនរួមមាន រណាយន្តចំនួន១៤គ្រឿង អន្ទាក់ចំនួន២៥ខ្សែ ត្រូវបានយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចំណែកកាំភ្លេីងស្នប់កែឆ្នៃចំនួន០៦ដេីម លោក និងប្រគល់ជួនទៅស្នងការដ្ឋាននគបាលខេត្តមណ្ឌលគីរីនៅពេលក្រោយ ៕ ម៉ារ៉េត