សៀមរាប៖ ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
លោក OKAZAKI SEIJI ជាអ្នកជំនាញខាងដាប់ថ្មទី៦ហើយ ដែលបានធ្វើការស្ម័គ្រចិត្តមកបណ្តុះបណ្តាលកម្មករជំនាញរបស់អាជ្ញាធរជាតិអប្សរាស្តីពីបច្ចេកទេសដាប់ថ្ម តាមរយៈការសម្របសម្រួលរបស់សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ លោកបានលើកឡើងថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមចំណែកជាមួយកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ លោកបានស្គាល់ និងមានបំណងមកឃើញអង្គរតាំងពីលោកនៅរៀនអនុវិទ្យាល័យម្ល៉េះ។ នេះជាលើកទី១សម្រាប់រូបលោកមកកាន់កម្ពុជា សម្រាប់រូបលោកផ្ទាល់ ប្រាសាទអង្គរវត្តគឺកម្ពុជា កម្ពុជាគឺប្រាសាទអង្គរវត្ត។ “ខ្ញុំពិតជាសរសើរ និងគោរពដោយស្មោះចំពោះកម្មករខ្មែរ ដែលមានការតស៊ូអត់ធ្មត់ក្រោមកម្ដៅថ្ងៃ ក្នុងការជួសជុលប្រាសាទបុរាណ តាមរបៀបបុរាណដោយដៃខ្មែរខ្លួនឯង”។
កម្មករជំនាញដាប់ថ្មមួយរូប ដែលជាអ្នកភូមិស្រះស្រង់ និងជាអ្នកដែលត្រូវបានគ្រូបណ្តុះបណ្តាលជប៉ុនស្ទើរគ្រប់រូបសរសើរមិនដាច់ពីមាត់ថាជាកម្មករជំនាញ គឺលោក យ៉េង។ លោករៀបរាប់ថា តាមរយៈការបណ្តុះបណ្តាលបន្ថែម និងការអនុវត្តប្រចាំថ្ងៃ ធ្វើឲ្យលោកចេះវិធីដាប់ថ្ម និងរៀបថ្ម ដែលជួយឲ្យលោកអាចធ្វើបានស្អាត ឆាប់រហ័ស និងធ្វើបានយូរមិនឆាប់ចុករោយដៃជើង ជាពិសេសគឺមានសុវត្ថិភាព។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោកបានទទួលការបង្ហាត់ឲ្យចេះប្រើឧបករណ៍ថ្មីៗមួយចំនួន ដែលលោកមិនធ្លាប់ប្រើពីមុនមក។ លោកបានបន្តទៀតថាលោកបានទទួលបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្រោយពីបានការបង្រៀននិងការចង្អុលបង្ហាញព្រមទាំងការអនុវត្តផ្ទាល់ជាមួយលោកគ្រូSEIJI។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថាបច្ចេកទេសដាប់ចាំងថ្មនេះជាបច្ចេកទេសខ្មែរបុរាណ។ “យើងបានដឹងថា ការជួសជុលនេះជារបៀបបុរាណ ដោយសំអាងទៅលើស្លាកស្នាមដែលមាននៅលើប្រាសាទ និងស្នាមលើផ្ទាំងថ្មជាដើម ជាពិសេសគឺឧបករណ៍ដែលយើងបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវតាមស្ថានីយផ្សេងៗ”។ លោកអះអាងថា តាមបទពិសោធន៍ដែលយើងទទួលបានពីការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្តប្រវែង១០០ម៉ែត្រកន្លងមក គឺគេធ្វើដោយបច្ចេកទេសបុរាណ យើងចង់ស្វែងយល់ និងរក្សាវិធីបុរាណនេះតទៅទៀត។ ម្យ៉ាងទៀត សព្វថ្ងៃ ការជួសជុលអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ គឺយើងប្រើបច្ចេកទេសបុរាណផង បច្ចេកទេសទំនើបផង តែការជួសជុលខ្លះទាមទារឲ្យយើងប្រើដៃដូចជាការតថ្ម ការជួសជុលនៅកន្លែងចង្អៀតកន្លៀតកន្លុក ការដាប់ ចាំង ចិត រំលីង លាក់ថ្មជាដើម។ ដូច្នេះ ការជួសជុលរបៀបបុរាណនៅតែមានសារៈសំខាន់ ដើម្បីរក្សារបៀបធ្វើរបស់បុព្វបុរសខ្មែរផង និងជាពិសេស គឺសមគ្នានឹងប្រាង្គប្រាសាទដែលរបស់បុរាណផង៕