ខេត្តព្រះវិហារ សេចក្តីរាយការណ៍របស់កងទ័ពនៅតំបន់ព្រំដែនប្រាសាទព្រះវិហារបានអោយដឹងថាកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៥ឧសភា២០១៦មានគ្រោះកាចធម្មជាតិខ្យល់កន្ត្រាក់លាយទ្បំភ្លៀងកក់ខែនិងរន្ទះបាញ់បានឆេះបំផ្លាញផ្ទះគំរូកងទ័ពមួយខ្នងធ្វើពីឈើប្រក់ក្បឿងទំហ៊ំ៩ម៉ែត្រគុណ៦ម៉ែត្រខ្ទេចទ្រព្យសម្បត្តិគ្មានសល់។ទីតាំងកើតហេតុស្ថិតនៅភូមិអូរទឹកខៀវឃុំស្រអែមស្រុកជាំក្សាន្តក្បែរតំបន់ព្រំដែនប្រាសាទព្រះវិហារ។
ឆ្នាំនេះគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយទ្បំរន្ទះបាញ់នៅតំបន់ព្រំដែនប្រាសាទព្រះវិហារកាចជាងឆ្នាំ២០១៥កន្លងមក។វាជាលើកដំបូងដែលគ្រោះធម្មជាតិឆ្នាំ២០១៦ហាក់ដូចជាកំពុងយាយីនិងមានហានិភ័យខ្ពស់ជាងគេធៀបទូទាំងខេត្តព្រះវិហារហើយហេតុការណ៍ខ្យល់ព្យុះរឺខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋនិងគ្រួសារកងទ័ពអស់រាប់រយខ្នងរួចមកហើយកាលពីដើមឆ្នាំរហូតមកដល់ខែឧសភានេះ។
លោកសារ៉ាវុធមេបញ្ជាការរងវរសេនាតូចអន្តរាគមន៍លេខ៣៨២បានអោយដឹងនៅព្រឹកថ្ងៃទី០៦ឧសភាថាមុនកើតហេតុលោកវរសេនីយ៍ត្រីមាសជាភេទប្រុសអាយុ៥៣ឆ្នាំរួមទាំងប្រពន្ធនិងកូនចំនួន៤នាក់បាននាំគ្នាទៅជ្រកក្នុងផ្ទះបាយក្រោយផ្ទះចម្ងាយ៥ម៉ែត្រពីផ្ទះរបស់ខ្លួនខណះមានខ្យល់កន្ត្រាក់លាយទ្បំភ្លៀងកក់ខែ។លោកនិយាយថាលោកមាសជាជាមេបញ្ជាការរងវរ៣៨២។
លោកបន្តថាមួយសន្ទុះក្រោយមកស្រាប់តែឮសូររន្ទះបាញ់ចូលក្នុងផ្ទះរបស់លោកមាសជាហើយមានអណ្តាតភ្លើងឆាបឆេះតែម្តងស្របពេលកម្លាំងខ្យល់បោកបក់ខ្លាំងថែមទៀតធ្វើអោយផ្ទះរងគ្រោះមួយខ្នងនេះឆេះខ្ទេចតែមួយប៉ប្រិចភ្នែក។ប្រជាពលរដ្ឋនិងកងទ័ពជាច្រើននាក់បានត្រឹមឈរមើលតែប៉ុណ្ណោះព្រោះគ្មានទឹកបបូរដើម្បីដងយកទៅជួយពន្លត់អគ្គិភ័យបានទេ។ហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងរបួសនោះទេ។
លោកបញ្ជាក់ថាទ្រព្យសម្បត្តិដែលបាត់បង់រួមមានខ្សែកមាសចំនួន០១ខ្សែទម្ងន់០១តម្លឹងខ្សែកផ្លាកទីនចំនួន០២ខ្សែសរុប០២តម្លឹងលុយចំនួន០៣ពាន់ដុល្លារអាមេរិកនិងសម្ភារះប្រើប្រាស់មួយចំនួនទៀត។លោកថ្លែងថាថ្ងៃនេះនាយទាហាននាយទាហានរងនិងពលទាហានប្រមាណ៧០នាក់កំពុងត្រៀមកម្លាំងជួយសាងសង់ផ្ទះ០១ខ្នងដល់គ្រួសារលោកមាសជាផងដែរ។
គួរបញ្ចាក់ថាកាលពីថ្ងៃទី០៣ឧសភា២០១៦ខ្យល់កន្ត្រាក់បានបោកបក់ទៅលើផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងស្មើ០២គ្រួសារស្ថិតនៅស្រុកឆែបបណ្តាលអោយខូចខាតដំណំនិងបង្កអោយមនុស្សប្រុសស្រីវ័យចំណាស់០២នាក់បានរងរបួសធ្ងន់ហើយកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារនៅទ្បើយ៕