ស្ទឹងត្រែង៖ក្នុងសកម្មភាពស្ថាបនាផ្លូវបេតុង នៅថ្ងៃទី០៧ឧសភា ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាក្រុងស្ទឹងត្រែងបានប្រជុំគ្នាផ្តូរយុទ្ធសាស្ត្រក្នុងការស្ថាបនាផ្លូវក្នុងក្រុង បានកំណត់គ្នាធ្វើផ្លូវបេតុង ចំណាយថវិការជាតិម្តងមានគុណភាពប្រើប្រាស់បានយូរ ដោយបឈ្ឃប់ការធ្វើផ្លួវគ្រួសក្រហម។
លោកផឹក វិទ្យាវី ក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែង លោក ទទួលស្គាល់ថា៖ជាង២០ឆ្នាំ ដែលប្រជាពលរដ្ឋរស់នៅភូមិព្រែកនេះលំបាកធ្វើដំណើរចេញចូលដោយសារតែផ្លូវមួយខ្សែនេះ ខែវស្សាភ្លៀង ទឹកដក់ ភក់ខែប្រាំជង្ហុក ដីហុយ ទើបនៅឆ្នាំ២០១៦ នេះសង្កាត់សម្រេចយកថវិការមូលនិធិសន្សំទុកត្រៀមធ្វើសាលាសង្កាត់ មកបង្វែរធ្វើផ្លូវ បេតុងជូនប្រជាពលរដ្ឋឲ្យវិញ។
លោកបានបញ្ជាក់ថា៖ការរៀបចំសាងសង់ហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុងចាប់ពីឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាសង្កាត់ បានសម្រេចគ្នាសាងសង់ផ្លូវបេតុង នៅក្នុងក្រុងជំនួសផ្លូវគ្រួសក្រហមវិញ ដើម្បីក្រុងមានសោភណ្ឌភាពផង យើងបានប្រជុំគ្នាក្នុងជួរក្រុមប្រឹក្សាសង្កាត់ហ្នឹងហើយ យើងសម្រេចថា ចាប់ពីពេលហ្នឹងទៅ យើងអត់មានធ្វើផ្លូវគ្រួសក្រហមនឹងទេ ពីព្រោះតំបន់យើងហ្នឹងវាខ្ពស់វាទាបមានភ្នំ កាលណាយើងធ្វើហើយអញ្ចឹងទៅ ដកកំលាំងចេញភ្លៀងមកចាប់ផ្តើមហូរច្រោះ អញ្ចឹងពីពេលហ្នឹងទៅធ្វើបានប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅ យើងធ្វើជាបេតុងតែម្តងអញ្ចឹងសម្រេចចាប់ពីពេលនឹងទៅ យើងធ្វើម្តងមួយខ្សែ ឆ្នាំក្រោយយើងបានលុយយើងធ្វើតឲ្យគាត់ទៀត។
លោកហ៊ាងប៊ុនលីអាយុ៤០ឆ្នាំ ប្រជាពលរដ្ឋនៅភូមិព្រែកបានលើកឡើងថា៖ នេះជាទឹកចិត្តអាណិតស្រឡាញ់ប្រជាពលរដ្ឋហើយការធ្វើផ្លូវនេះ បានបង្ហាញពីជំហ៊ទទួលខុសត្រូវ ជាថ្នាក់ដឹកនាំនៅក្នុងសង្កាត់ដែលបានមើលឃើញប្រជាពលរដ្ឋកំពុងជួបការលំបាកជាក់ស្តែង។
លោកថា៖ តំណាងឲ្យប្រជាពលរដ្ឋក្នុងសង្កាត់នេះក្នុងចិត្តត្រេកអរពន់ពេក ពីព្រោះផ្លូវនេះពេលស្ថាបនារួចបានផ្តល់ អត្ថប្រយោជន៏ច្រើនសំរាប់ ការរស់នៅនិងចៀសផុតពីក្តីព្រួយបារម្ភផ្សេងៗដែលធ្លាប់ជួបការលំបាកកន្លងមក ដូចជាបំបាត់ភក់ជ្រាំ សំបុកមូស ក្លិនស្អុយជាដើម។
លោកហុងវ៉ាន់ដាតំណាងក្រុមហ៊ុនឌីយ៉ាម៉ង់បានបញ្ជាក់ថា៖ផ្លួវត្រូវសាងសងនេះមានប្រវែង៥០៥ម៉ែត្រជាថវិកាមូលនិធិរបស់សង្កាត់មានក្រោយពីបានដាក់ដេញថ្លៃរួចមក។
លោកអះអាងថា៖ក្រុមការងារនិងប្រឹងប្រែងសងសង់ផ្លូវនេះឲ្យហើយនៅក្នុងខែឧសភាឆ្នាំ២០១៦នេះងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរនិងអាចចូលរួមលើកស្ទួយដល់សោភណ្ឌភាពក្នុងក្រុងផងដែរ។
សូមបញ្ជាក់ថា៖ផ្លូវដែលសង្កាត់ស្ថាបនាជាបេតុងនេះស្ថិតនៅក្នុងភូមិព្រែកក្រុងស្ទឹងត្រែងតភ្ជាប់មកផ្លូវជាតិលេខ១៤ក្នុងក្រុងមកកាន់ផ្សារធំស្ទឹងត្រែងត្រូវចំណាយថវិកាមូលនិធិសង្កាត់ចំនួន៨៤លានរៀល៕