ភ្នំពេញៈ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីមន្ត្រីនគរបាលរូបនោះ បានធ្វើឲ្យរាកៃកាំភ្លើងផ្ទុះត្រូវចង្កេះផ្នែកខាងក្រោយរបួសខ្លួនឯង កាលពីវេលាម៉ោង២:១០នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មន្ត្រីនគរបាលរងគ្រោះឈ្មោះ ញ៉ែម សារី ភេទប្រុស អាយុ៣៦ឆ្នាំ រកស៊ីទិញលក់រថយន្ត(គួកជេ) ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ បុរសរងគ្រោះបានសៀតកាំភ្លើងម៉ាកឡុកនៅនឹងចង្កេះអង្កុយរង់ចាំម៉ូយមករកទិញ ឬលក់រថយន្តនៅចំណុចកើតហេតុ ខណៈនោះ ប្រហែលគាត់ភ្លេចខ្លួនងើបឈរឡើង ស្រាប់តែធ្លាក់កាំភ្លើងពីចង្កេះអុកដល់ដីផ្ទុះ១គ្រាប់ត្រូវចំចង្កេះពីក្រោយតែម្តង។
ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបានមិត្តភ័ក្របញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវះកាត់យកក្បាលគ្រាប់ដែលបៀមជាប់នៅនឹងចង្កេះ៕