សៀមរាប៖ កាកបាទក្រហមកម្ពុជាបានចុះចែកអំណោយដល់ជនរងគ្រោះចំនួន២១គ្រួសារមកពី៩ភូមិ និង៤ឃុំ ដោយសារខ្សល់កន្ត្រាក់បក់បោកបណ្តាលឲ្យដួលរលំនិងប៉ើងដំបូលផ្ទះជាច្រើនខ្នងនៅស្រុកជីក្រែងកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលា ស្រុកជីក្រែង ខេត្តសៀមរាប។ លោក ជុំទាវ គួយ ណាលីន ជាអនុប្រធានកាកបាទក្រហមកម្ពុជា និងក្រុមការងារខេត្តសៀមរាប បានយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ មកពី០៩ភូមិ និង០៤ឃុំ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែលជួបការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។ លោក ជុំទាវ គួយ ណាលីន ជាអនុប្រធានកាកបាទក្រហមកម្ពុជាខេត្តសៀមរាបក៏បានសម្តែងនូវការអាណិតអាសូរដល់បង ប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយធម្មជាតិ ហើយដែលជាចំណោទបញ្ហាប្រឈមមួយដែលអាជ្ញាធរយើង ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះបងប្អូន ។ ម៉្យាងទៀតការបម្រែបម្រួលទាំងនេះក៏បានបង្កឡើងពីកត្តាធម្មជាតិ និង មនុស្ស ក្នុងនោះដោយធនធានធម្មជាតិ ព្រៃឈើត្រូវបានកាប់បំផ្លាញ និង ការជីកលប់បឹងធម្មជាតិ បង្កឲ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង ធ្វើឲ្យពុលបរិស្ថាន ធ្វើឲ្យប៉ះ ពាល់ដល់សុខភាពនៃការរស់នៅទៀតផង។ ដើមី្បប្រយុទ្ធនឹងគ្រោះធម្មជាតិទាំងនេះ សូមបង ប្អូនត្រូវបញ្ឈប់នូវការកាប់ទន្រ្ទាន់ព្រៃយកដីធ្វើជាកម្មសិទ្ធ បើនៅតែងបន្តទៀតនោះ បងប្អូនក៏កាន់តែរងគ្រោះដោយធម្មជាតិកាន់តែខ្លាំងជាងនេះទៅទៀត ព្រមទាំងបង្កឲ្យបងប្អូនទទួលរង់គ្រោះដោយបញ្ហាផ្សេងៗទៀតផង ភាពរាំងស្ងួត និងការបម្រែបម្រួលអាកាសធាតុមិនមែនតែក្នុងស្រុកយើងទេគឺទូទាំងពិភពលោកផងដែរ។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ទាំង២១គ្រួសារ ដោយមួយគ្រួសារទទួលបាន មុង០១ កន្ទេល០១ ប៉ាតង់០១ ភួយ០១ ឆ្នាំង០១ ចាន០៥ ស្លាបព្រា០៥ សារុង០១ ក្រម៉ា០១ ទឹកត្រី ១យូរ . ទឹកសុទ្ធ ០១យូរ អង្ករ ២៥គក្រ និងថវិការចំនួន៥ម៉ឹនរៀល បន្តាប់មកលោក ជុំទាវ ព្រមទាំងក្រុមការងារបានអញ្ជើញទៅពិនិត្យមើលនៅការដ្ឋានសាងសង់ទីស្នាក់ការកាកបាទក្រហមសាខាស្រុកជីក្រែងដែលទើបតែសាងសង់មិនទាន់រួចរាល់នៅឡើយ និងអន្តូងទឹកជាច្រើនកន្លែង ព្រមទាំងបង្គន់អនាម័យផងដែរ ៕ដោយ ស៊ាន សុផាត