ខេត្តរតនគីរី៖ មាតាបីតាសិស្ស ស្រុកកូនមុំ ខេត្តរតនគីរី បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យបណ្ដឹង ចូលសាលាស្រុក សុំឲ្យ ឬ ផ្លាស់ប្ដូរ លោក ងួន សុភាព ជានាយកសាលា និង លោកគ្រូ ហ៊ឹម សារ ដោយចោទប្រកាន់ថា ប្រើអំពើហឹង្សា មកលើសិស្ស ជាច្រើនលើក ច្រើនសារ និង ជំម្រិតទាប្រាក់ពីសិស្ស ជាថ្នូរនិងការឡើងថ្នាក់។
លោក ងួន សុភាព នាយកសាលា បឋមសិក្សា ត្រពាំងច្រេស និងលោក ហ៊ឹម សារ ជាគ្រូបង្រៀន ត្រូវបានអាណាព្យាបាលសិស្ស នៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេ្តរតនគីរី និង គណៈកម្មការ ទ្រទ្រង់សាលានេះ រួមគ្នាដាក់ពក្យបណ្ដឹង ចូលសាលាស្រុក កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា ប្រើអំពើហឹង្សា មកលើរាងកាយសិស្ស កំណត់តម្លៃ ឲ្យសិស្ស ទិញសៀវភៅសិក្ខាធារិត និងតម្រូវឲ្យសិស្ស បង់ប្រាក់ដើម្បីជាថ្នូរ ក្នុងការឡើងថ្នាក់។
តាមរបាយការណ៍លោក ប៉ាក ធឹម ប្រធានកម្រងសង្គមមានជ័យបានឲ្យដឹងថា លោក ងួន សុភាព នាយកសាលាបឋមសិក្សា ត្រពាំងច្រេស បានយកបន្ទប់សិស្សរៀន ដាក់នំចំណី និងសម្ភារៈផ្ទះបាយ មិនត្រឹមតែប៉ុណ្ណោះ លោកនាយក តែងតែយកម៉ោងធ្វើការ ទៅលេងល្បែងស៊ីសង ។ ក្នុងរបាយការណ៍នោះ បានបន្ថែមទៀតថា ប្រហែលជាលោកនាយកចាញ់ល្បែងហើយមើលទៅ ទើបគាត់ប្រើវិធីសាស្ត្ររកលុយផ្សេងៗ ទៅលើសិស្ស ៤នាក់ ដោយម្នាក់ៗ គៀបយកលុយចំនួន ១៥០០០០ រៀល។
ជុំវិញបញ្ហខាងលើនេះ លោក ធឿន ចាន់ធៀង អភិបាលស្រុកកូនមុំ បានឲ្យដឹងថា បញ្ហខាងលើនេះ លោកបានលេចឮ ប្រហែលកន្លះឆ្នាំមកហើយ ក្រោយមក នៅខែមិនា ទើបមានពាក្យបណ្ដឹងផ្ដិតមេដៃ ពីអាណាព្យាបាលសិស្ស ប្រមាណជា ១៩ ទៅ ២០ នាក់។ អាណាព្យាបាលសិស្ស រាប់រយនាក់ មិនឃើញផ្ដិតមេដៃប្ដឹង មកប្ដឹងតែប៉ុន្មាននាក់។ ហើយមិនមែនចំនួននាក់ប្ដឹងតិចតួច លោកមិនធ្វើការនោះទេ ក៏ប៉ុន្តែលោកបានអញ្ជើញអាណាព្យាបាលសិស្ស ដែលផ្ដិតមេដៃប្ដឹងនោះ មកសាកសួររកការពិត មិនឃើញពួកគាត់មកជួបសោះ ម្យ៉ាងទៀត លោកចុះទៅសាលារៀននោះជាញឹកញាប់ មិនឃើញសិស្សណាម្នាក់មករាយការណ៍ពីបញ្ហា នេះទេ៕ដោយ យក្ស ឡោម



































