​ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ប្រមាណ​១០​ហិកតា​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ រង​ការកាប់បំផ្លាញ​យក​ដី​ជា​កម្ម​សិទ្ធ សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នកកាសែត​ចុះទៅ​ថត​

0

កំពង់ឆ្នាំង៖ ថ្មីៗនេះ ដើមឈើធំៗជាព្រៃលិចទឹកក្នុងតំបន់៣ ដែលមានអាយុចាប់ពី២០ទៅ៣០ឆ្នាំ ស្ថិតក្នុងភូមិកោះតាម៉ូវ និងភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ប្រមាណជាង១០ហិកតា ត្រូវបានគេលួចកាប់ដោយរណាយន្ត និងពូថៅ ហើយដុតបំផ្លាញយកដីធ្វើជាកម្មសិទ្ធ ដែលករណីនេះបានកើតមាននៅក្នុងចុងខែមេសា និងដើមខែឧសភានេះ ពុំមានអ្នកណាដឹងឡើយ។ នៅព្រឹកថ្ងៃទី០៩ ខែឧសភានេះ ពេលអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកកាសែតចុះទៅថត ទើបមានការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញ។
នៅព្រឹកថ្ងៃទី០៩ ខែឧសភា នៅចំណុចព្រៃឈើលិចទឹកដែលរងការកាប់បំផ្លាញ គេសង្កេតឃើញលោកមេឃុំកំពង់ព្រះគគីរ មេភូមិព្រែកស្ពាន មេភូមិកោះតាម៉ូវ ប្រជាការពារ និងប្រជាពលរដ្ឋ បាននាំគ្នាចុះទៅពិនិត្យមើលកន្លែងកើតហេតុ នៅចំណុចកោះស្មៅ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោះតាម៉ូវ និងភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ។ ក្រោយពីបានពិនិត្យស្រាវជ្រាវរួច អាជ្ញាធរមូលដ្ឋានបានដឹងអត្តសញ្ញាណរបស់ជនល្មើសដែលបានកាប់បំផ្លាញព្រៃឈើនេះហើយមានចំនួន៣នាក់ ដែល២នាក់រស់នៅក្នុងភូមិព្រែកស្ពាន និងម្នាក់ទៀតនៅភូមិវត្តថ្នល់។ នៅម៉ោង៩ព្រឹកថ្ងៃដដែល មន្ត្រីរដ្ឋបាលជលផលសង្កាត់បរិបូណ៌បានចុះទៅត្រួតពិនិត្យកន្លែងកាប់បំផ្លាញព្រៃឈើផងដែរ និងបានអោយដឹងថា ព្រៃឈើលិចទឹកដែលគេបានកាប់បំផ្លាញថ្មីៗនៅតំបន់ខាងលើនេះមានទំហំជិត៤ហិកតា តែព្រៃឈើដែលគេកាប់បំផ្លាញជាប់ៗគ្នាពីឆ្នាំទៅនៅចំណុចខាងលើនេះ គេពុំបានបូកបញ្ចូលឡើយ។
ប្រជាពលរដ្ឋនៅក្នុងភូមិកោះតាម៉ូវ និងភូមិព្រែកស្ពានដែលបានចុះទៅពិនិត្យព្រៃឈើរងការកាប់បំផ្លាញបានប្រាប់អោយដឹងថា៖ នៅអំឡុងខែមេសា ពួកគាត់ឃើញគេប្រើរណាយន្ត៣គ្រឿងចូលទៅអារកាត់រំលំដើមឈើធំៗនៅកណ្តាលទ្រូងព្រៃតែម្តង បន្ទាប់មកនៅពេលដើមឈើនោះងាប់សន្លឹក គេបានដុតបំផ្លាញ ហើយដើមឈើណាដែលនៅសល់មិនទាន់ដួលរលំ ត្រូវបានគេយកពូថៅ និងរណាយន្តកាប់រំលំបន្តទៀត។ ចំណែកព្រៃឈើលិចទឹកថ្មីៗដែលគេកាប់បំផ្លាញយកដីជាកម្មសិទ្ធនេះមានទំហំប្រមាណ៥ហិកតា និងបានកាប់ពីឆ្នាំមុនប្រមាណ៥ហិកតាទៀតសរុបមានចំនួនប្រមាណ១០ហិកតា។ ប្រជាពលរដ្ឋសំណូមពរសមត្ថកិច្ចជំនាញ ចាត់ការជនល្មើសទៅតាមផ្លូវច្បាប់អោយបានម៉ឺងម៉ាត់ មិនត្រូវគ្រាន់តែអប់រំ ហើយដោះលែងមកវិញនោះឡើយ បើពុំអនុវត្តច្បាប់ទេនោះ គឺនៅតែកើតមានបទល្មើសបែបនេះគ្មានអ្នកណាខ្លាចច្បាប់ឡើយ។DSC03198 DSC03193
លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ ទាក់ទងនឹងករណីនេះ លោកបានអោយមន្ត្រីជំនាញចុះវាយតម្លៃការខូចខាតនៃព្រៃឈើលិចទឹកក្នុងតំបន់៣នេះរួចរាល់ហើយ ចំពោះជនល្មើស ជំនាញបានកំណត់អត្តសញ្ញាណជាមួយអាជ្ញាធរមូលដ្ឋានរួចហើយ និងចាត់ការអោយបានឆាប់បំផុតទៅតាមនីតិវិធី។ដោយឡែកកាលពីឆ្នាំ២០១៥ ជនល្មើស៣៨នាក់ដែលពាក់ព័ន្ធនឹងបំផ្លាញព្រៃលិចទឹក ជំនាញរដ្ឋបាលជលផលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអស់ហើយ តែមានជនល្មើសមួយចំនួនមិនឃើញជាប់ពន្ធនាគារទេ ថែមទាំងឌឺដងដាក់សមត្ថកិច្ចជំនាញវិញទៀតផង។
នៅក្នុងរឿងនេះដែរ លោក ចេង ញ៉ាន់ អភិបាលរងខេត្ត បានបញ្ជាក់អោយដឹងថា៖ រឿងនេះលោកបានរាយការណ៍ជូនលោកអភិបាលខេត្តរួចហើយ លោកនឹងជំរុញអោយខ័ណ្ឌរដ្ឋបាលជលផលចាត់ការលើរឿងនេះជាកិច្ចការប្រញាប់ មិនលើកលែងអោយឡើយ៕ )