នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦នេះ មានឧបទ្ទវហេតុមួយបានកើតឡើងបង្កឲ្យមានភ្លើងឆេះព្រៃរនាម ដែលស្ថិតនៅ ចំណុចកោះក្អែក ចម្ងាយប្រមាណជា២០០ ទៅ៣០០ម៉ែត្រ ពីភូមិស្ថានរបស់អ្នកស្រុក ដែលរស់នៅក្នុងភូមិសាស្ត្រ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (តំបន់បឹងទន្លេសាប) ធ្វើឲ្យអ្នកស្រុកអ្នកភូមិរស់នៅក្បែរនោះមានការភ័យខ្លាចក្រែងភ្លើងព្រៃឆាបឆេះរាលដាលដល់ភូមិពួកគាត់។លោក ឡុង សុភឺន អភិបាលស្រុកឯកភ្នំ បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាព្រឹកនេះ ឲ្យដឹងថា៖ ហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់រនាមបឹងទន្លេសាប ក្នុងភូមិសាស្ត្រខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០នេះ ក្នុងហេតុការកើតឡើងភ្លើងឆេះព្រៃ ទាំងប្រជាពលរដ្ឋទាំងអាជ្ញាធរមូលដ្ឋានទាំងសមត្ថកិច្ចនិងព្រះសង្ឃនៅទីនោះ បាននាំគ្នាប្រើប្រាស់លទ្ធភាពត្រៀមបំរុងដើម្បីទប់ស្កាត់ការឆេះឆ្លងរាលដាលព្រៃ កុំឲ្យមកក្បែរភូមិលំនៅដ្ឋានពួកគាត់។ដោយពួកគាត់បានត្រៀមម៉ាស៊ីនបូមទឹកនិងមធ្យោបាយផ្សេងៗដែលមានសម្រាប់ទប់ស្កាត់នូវហេតុការណ៍កើតឡើងនេះ។
លោក ឡុង សុភឺន អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសង្កត់បន្ថែមទៀតថា៖មកដល់ល្ងាចម៉ោង០៣រសៀលថ្ងៃដដែលនេះ ស្ថានភាពភ្លើងឆេះព្រៃ បានស្ងប់ធូរស្រាលបន្តិចវិញហើយ ដោយសារតែស្ថានភាពអាកាសធាតុមានភាពត្រជាក់បន្តិច ដោយនៅតំបន់ឃុំដីគោកចំនួន៥ មានភ្លៀងធ្លាក់តិចៗប្រមាណជា១៥នាទី។លោកអភិបាលស្រុកឯកភ្នំ ក៏បានអះអាងឲ្យដឹងផងដែរថា៖មកដល់ពេលនេះភ្លើងព្រៃដែលឆេះនេះ មិនមានបង្កការគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ ឬខូចខាតសម្ភារៈទ្រព្យសម្បត្តិរបស់អ្នកភូមិទីនោះឡើយ។ តែលោកព្រួយបារម្ភ ពីកំសួលភ្លើងឆេះដែលបានថមថយនោះ ថា៖វាអាចបង្កកើតឡើងជាថ្មីវិញបាន ខណៈពេលដែលអាកាសធាតុក្តៅហែងដោយគ្មានភ្លៀងធ្លាក់នៅតំបន់កើតហេតុខាងលើនេះ។ តែទោះបីយ៉ាងណា រដ្ឋបាលស្រុកបានចាត់វិធានការទប់ស្កាត់និងបានបង្ការនៅតំបន់កើតហេតុការណ៍អាក្រក់នោះហើយ…តាមលទ្ធភាពនិងមធ្យោបាយដែលមាន ដើម្បីជួយប្រជាពលរដ្ឋផង និង ទប់ស្កាត់កុំឲ្យភ្លើងព្រៃឆេះរាលដាលមកដល់ភូមិអ្នកស្រុកទីនោះផង៕./ អ៊ុក សំអាន