បន្ទាយមានជ័យ : អាជ្ញាធរខេត្តស្រះកែវ និងសមត្ថកិច្ចចម្រុះរួមមាន គយ មន្ត្រីDSI(ក្រុមទប់ស្កាត់ទំនិញរំលោភកម្មសិទ្ធិ បញ្ញា) និងមន្ត្រីមន្ទីរពាណិជ្ជកម្មជាដើម បានចុះត្រួតពិនិត្យតាមតូបលក់ដូររបស់អាជីវករខ្មែរ និង ដាក់ចេញនូវវិធានការទប់ស្កាត់ឲ្យខានតែបានរាល់ទំនិញដែលក្លាយម៉ាកយីហោអោយអស់ពីផ្សាររោងគ្លឿ ។
ការត្រូតពិនិត្យនិងបង្ក្រាបនោះធ្វើឡើងនៅរសៀលម៉ោង៣ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។ប្រតិបត្តិការបែបនេះ មិនត្រឹមតែធ្វើនៅផ្សាររោងក្លឿនៅឈមនឹងច្រកទ្វារអន្តរជាតិប៉ុណ្ណោះទេ តែថៃក៏ត្រូវធ្វើនៅតាមផ្សារថៃទាំងអស់នៅជាយដែនខ្លួនជាមួយកម្ពុជានិងប្រទេសអាស៊ានដទៃទៀត។
នេះជាការសម្អាតដើម្បីត្រៀមខ្លួនចូលសហគមសេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ។
យោងប្រភពពីអាជីវករខ្មែរនៅផ្សាររោងក្លឿ បានអោយដឹងល្ងាចថ្ងៃទី១១ឧសភាថា:ប្រតិបត្តិការចុះត្រួតពិនិត្យនេះគឺដឹកនាំដោយលោក ផាការ៉ាកថន ធៀនឆៃ(Dr.Phakarathorn Theanchai )អភិបាលខេត្តស្រះកែវតែម្តង។
មន្ត្រីសមត្ថកិច្ចថៃបានធ្វើការត្រួតពិនិត្យនៅប្លុកដែលអាជីវករថៃនិងកម្ពុជាធ្លាប់លក់ដូរទំនិញក្លែងក្លាយ(ទំនិញក្លែងម៉ាកយីហោឬរំលោកម្មសិទ្ធិបញ្ញា)គឺនៅចំនុចផ្សារអគារដំបូលខៀវ ដើម្បីរកទំនិញដែលល្មើសច្បាប់ទាំងនោះ និងដាក់វិធានការទប់ស្កាត់តាមឱសានវាទរបស់គេ។
គួររំលឹកថា កាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៦កន្លងមកមន្ត្រីជំនាញគយនិងរដ្ឋាករថៃប្រចាំច្រកទ្វារអន្តរជាតិក្លងលឹកក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ណែនាំ និងផ្សព្វផ្សាយដល់អាជីវករខ្មែរ-ថៃដែលកំពុងលក់ដូរ ក្នុងផ្សាររោងគ្លឿត្រូវបញ្ឈប់ការលួចចរាចរណ៍លក់ដូរទំនិញដែលរំលោភកម្មសិទ្ធិបញ្ញាបន្តទៀត។
ទន្ទឹមគ្នានោះក៏បានរកឃើញតូបដែលលក់ទំនិញក្លែងម៉ាកយីហោយ៉ាងតិច១.២០០កន្លែង ដែលលក់ទំនិញទាំងនេះ ។ប៉ុន្តែមកដល់ពេលនេះមានតូចជាច្រើនបានបិទទ្វារនិងឈប់លក់។ប៉ុន្តែក៏នៅមានតូប ស្តង់ប្រមាណ៣៦០ទៀតនៅលក់បន្ត ។មានន័យថា មានការថយចុះ៧០% គឺអាជីវករបានបញ្ឈប់ទៅជាបន្តបន្ទាប់៕ដោយ:ឃិន គន្ធា