មណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានរៀបចំពិធីប្រគល់ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតកាលពីសម័យសង្គ្រាម នៅក្នុងភូមិសាស្ត្រ នៃទឹកដីខេត្តមណ្ឌល ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ស្រុកកំណើតវិញ។ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ហឺ យ៉ឹមគដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងជាប្រធានគណៈកម្មាធិការជំនាញ រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម(K51)នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការប្រារព្វពិធីក្នុងពេលនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចព្រមព្រៀងរបស់ខេត្តទាំងពីរបានល្អប្រសើរលើគ្រប់វិស័យ គឺខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ជាពិសេសលើការងារជំនាញជីកគាស់ និងរុករកអដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត នៅក្នុងសម័យសង្គ្រាម ក្នុងទឹកដីខេត្តមណ្ឌលគិរី។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ជំនួសមុខឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី សូមផ្តាំផ្ញើរសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ព្រមទាំងប្រជាជន និងរដ្ឋាភិបាលវៀតណាម តាមរយៈថ្នាក់ដឹកនាំខេត្តដាក់ឡាក់ និងក្រុមការងារជំនាញ(K51)ផងដែរ។
លោកជំទាវ ហឺ យ៉ឹមគដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ បានសំណូមពរដល់អាជ្ញាធរខេត្តមណ្ឌលគិរី បន្តកិច្ចសហការ ដើម្បីឲ្យក្រុមការងារ រុករកអដ្ឋិធាតុ ប្រមូលយកទៅជូនដល់ក្រុមគ្រួសារសាច់ញាតិរបស់យុទ្ធមិត្តយើង ឲ្យគាត់បានស្ងប់ចិត្ត និងស្ងប់អារម្មណ៍ ព្រមទាំងមានការជឿទុកចិត្ត លើការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម។
គួបញ្ជាក់ថា ការរុករកអដ្ឋិធាតុ របស់គណៈកម្មាធិការជំនាញ កងទ័ពស្ម័គ្រចិត្តវៀតណាម(K51)ចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១៥ រកឃើញអដ្ឋិធាតុចំនួនជាង៦០០អដ្ឋិធាតុ ចំណែកនៅក្នុងឆ្នាំ២០១៥ និង២០១៦នេះ រកឃើញអដ្ឋិធាតុចំនួន១៥អដ្ឋិធាតុ៕ ប៊ូស្រា