មណ្ឌលគិរី៖ សេចក្តីរាយការណ៍ពីឃុំមេម៉ង់បានឲ្យដឹងថា លោកស្រី ទូ ហៀង ហៅយាយម៉ាប់ ជាសមាជិកក្រុមព្រឹក្សា ឃុំមេម៉ង់ ដែលគេស្គាល់ថា ជាឈ្មួញឈើដុះស្លែ និងជាម្ចាស់សិប្បកម្មដ៏ធំជាងគេប្រចាំឃុំមេម៉ង់ ស្រុកកែវសីមា នៅតែ អាចបន្តជំនួញឈើប្រណិតរបស់ខ្លួនបានយ៉ាងសុខស្រួល ដោយមិនមានអាជ្ញាធរ ឬមន្ត្រីជំនាញណា ហ៊ានប៉ះពាលឡើ យ ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី តែម្តង។ប្រជាពលរដ្ឋមានលំនៅឋានក្បែរោងសិប្បកម្មយាយម៉ាប់បានលើកឡើងថា បច្ចប្បន្ននេះព្រៃសម្បទាន ដែល មានលទ្ធភាពអាចផ្តល់ឈើស្របច្បាប់ដល់សិប្បកម្មកែឆ្នៃឈើនានានោះ ត្រូវបានគណៈកម្មការបង្ការ និងបង្ក្រាបបទ ល្មើសព្រៃឈើរបស់នាយឧត្តមសេនីយ៍សៅ សុខា ចុះបិទអស់ហើយ ដូច្នេះមិនដឹងយាយម៉ាប់ បានឈើប្រណិតមកពី ណាអីក៏ច្រើនម្លេះ ដឹកចូលក្នុងរោងសិប្បកម្មមួយថ្ងៃៗជាច្រើនឡាន យកមកចាក់គរចាប់តាំងពីក្នុងរោងសិប្បកម្ម និងហៀរមកដល់ក្រៅ។ ប្រភពបន្តថា ឈើទាំងនោះ សុទ្ធសឹងជាឈើប្រណិត បេង ធ្នង់ នាងនួន សម្រាប់កែឆ្នៃជាគ្រឿងសង្ហារិមផ្សេងៗ ដូចជា សាឡុងឈុតធំៗ គ្រែចម្លាក់ក្បាច់ គ្រែយក្ស តុ ទូរ កៅអី ជាដើម គឺសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារតាមការកម្មង់ទិញរបស់អតិថិជន ដោយមិនចេះចប់ មិនចេះហើយ។
សមត្ថកិច្ចតួចតាចមួយរូបសុំលាក់អត្តសញ្ញាណបានបង្ហើបថា លោកស្រី ទូ ហៀង ហៅយាយម៉ាប់ ក្រៅពីជាម្ចា ស់រោងសិប្បកម្មដ៏ធំនៅក្នុងឃុំមេម៉ង់ក៏ជាឈ្មួញទទួលទិញនិងលក់ឈើទ្រង់ទ្រាយធំមួយរូបផងដែរ ហើយលើសពីនេះទៀត យាយម៉ាប់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមន្ត្រីធំៗនៅក្នុងខេត្តមណ្ឌលគិរី រីឯសិប្បកម្មគាត់ក៏ពុំមានច្បាប់អនុញ្ញាត្តត្រឹមត្រូវដែរ ដោយបច្ច័យទាំងនេះហើយ ដែលជាផ្ទាំងខ្មៅសម្រាប់បិទបាំងនូវរាល់ជំនួញឈើប្រណិតខុសច្បាប់របស់ឈ្មួញឈើដ៏ធំរូបនេះ មិនឲ្យមានការបង្ក្រាប។ ប្រភពបន្តថា នៅពេលរថន្តដឹកឈើយាយម៉ាប់ ត្រូវបានសមត្ថកិច្ចជំនាញស្ទាក់ឃាត់សូរនាំ ក៏ដូចជាពេលដែលអ្នកសារព័ត៌មានថតបានរថយន្តដឹកឈើរបស់គាត់ យាយម៉ាប់តែងតែយកឈ្មោះមន្ត្រីធំៗក្នុងខេត្តមកកាង ដោយពោលពាក្យថាឈើទាំងនោះ ជារបស់ ឯកឧត្តមនេះ របស់ឯកឧត្តមនោះ តែធាតុពិតឈើទាំងនោះ គឺគេដឹកជញ្ជូនចេញពីព្រៃការពារ និងអភិរក្សានានា ចូលស្តុកទុកក្នុងឃ្លាំងរបស់យាយ ម៉ាប់តែប៉ុណ្ណោះ។
ជុំវិញការរិះគន់របស់ប្រជាពលរដ្ឋខាងលើ អ្នកយកព័ត៌មានយើងមិនអាចទទួលបានការបញ្ជាក់ណាមួយពី លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានទេ ដោយទូរសព្ទរបស់លោកពីដំបូងចុចចូល ហើយ គ្រាន់តែអ្នកសារព័ត៌មានយើងសូរនាំពីរឿងសិប្បកម្មយាយម៉ាប់ លោកក៏ចុចបិទ ដោយក្រោយមកចុចលេងចូលតែម្តង ។ទោះយ៉ាងនេះក្តី មហាជនបានសំណូមពរដល់ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង សូមចាត់មន្ត្រីចុះត្រូតពិនិត្យ ករណីខាងលើនេះផង បើមិនដូច្នោះទេសត្វព្រៃរាប់ពាន់ក្បាល ដែលកំពុងរស់នៅរំពឹងលើព្រៃនៅស្រុកកែវសីមាមុខជាគ្មានជម្រក ដោយសារស្នាដៃយាយម៉ាប់ ជាក់ជាមិនខានឡើយ៕ ម៉ារ៉េត